ព័ត៌មាន និងព្រឹត្តិការណ៍

កម្មវិធីទស្សនកិច្ចសិក្សា៖ ការពង្រឹងសមត្ថភាព និងការអភិវឌ្ឍអប់រំប្រកបដោយនិរន្តរភាព

Date : 2025-05-30
Facebook Twitter Google+ LinkedIn

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ គម្រោងពង្រឹងការចូលរួមរៀន និងការសិក្សារបស់កុមារដើម្បីនិរន្តរភាព (CLASS) បានរៀបចំកម្មវិធីទស្សនកិច្ចសិក្សាដ៏មានអត្ថន័យមួយ ដោយបានដឹកនាំគណៈប្រតិភូមកពីសាលាបឋមសិក្សាចំនួនបួន គឺ៖ សាលាបឋមសិក្សាសុភ័ណ្ឌគិរី សាលាបឋមសិក្សាទ្រា សាលាបឋមសិក្សាមេលំ និងសាលាបឋមសិក្សាល្បើករាំង្សី មកទស្សនកិច្ចសិក្សានៅសាលាបឋមសិក្សាក្តុល។

 

គោលបំណងសំខាន់នៃទស្សនកិច្ចនេះគឺដើម្បីជំរុញការអភិវឌ្ឍសមត្ថភាពប្រកបដោយវិជ្ជាជីវៈ ពង្រឹងទំនាក់ទំនងរវាងសាលារៀន និងផ្តល់ឱកាសឱ្យអ្នកចូលរួមទទួលបានចំណេះដឹងថ្មីៗ និងបទពិសោធន៍ជាក់ស្តែងតាមរយៈការចែករំលែកការអនុវត្តល្អៗ ទាក់ទងនឹងវិធីសាស្ត្រដឹកនាំ គ្រប់គ្រង និងការបង្រៀនប្រកបដោយភាពច្នៃប្រឌិត។

 

កម្មវិធីនេះមានអ្នកចូលរួមសរុបចំនួន ៥១ នាក់ រួមមានមន្ត្រីការិយាល័យអប់រំ យុវជន និងកីឡាស្រុកទឹកផុស នាយក នាយករង លោកគ្រូអ្នកគ្រូ ទីប្រឹក្សាកុមារ ទីប្រឹក្សាកុមារី គ្រូបង្រៀនបំណិនជីវិត បណ្ណារក្ស និងបុគ្គលិកគម្រោង។ ពួកគេបានផ្តោតលើគោលដៅសំខាន់ៗ ដូចខាងក្រោម៖

 

  • សិក្សាស្វែងយល់ពីការអនុវត្តល្អៗ ក្នុងការដឹកនាំ និងគ្រប់គ្រងសាលារៀន។
  • ពង្រឹងជំនាញបច្ចេកទេស និងបំណិនជីវិតទាំងក្នុង និងក្រៅថ្នាក់រៀន។
  • យល់ដឹងអំពីការគ្រប់គ្រងបណ្ណាល័យ និងកម្មវិធីគាំទ្រទីប្រឹក្សាកុមារ និងកុមារី។
  • គាំទ្រសិស្សដែលរៀនយឺត លើកកម្ពស់សុខភាពសិក្សា និងធានាការប្រើប្រាស់ទឹកស្អាតនៅក្នុងសាលារៀន។

 

អ្នកចូលរួមបានផ្លាស់ប្តូរយ៉ាងសកម្មនូវបទពិសោធន៍ និងការអនុវត្តល្អៗ ដែលបានជួយឱ្យពួកគាត់យល់កាន់តែច្បាស់អំពីតម្រូវការរបស់សិស្ស និងវិធីសាស្ត្របង្រៀនដែលធ្វើឱ្យថ្នាក់រៀនកាន់តែរស់រវើក។

 

លោក ចាន់ ថុន អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកទឹកផុស បានមានប្រសាសន៍ថា៖ “ទស្សនកិច្ចសិក្សានេះ បានបើកឱកាសដ៏វិសេសមួយសម្រាប់គ្រូបង្រៀន និងថ្នាក់ដឹកនាំសាលារៀន ដើម្បីរៀនសូត្រពីគ្នាទៅវិញទៅមក។ ការចែករំលែកចំណុចខ្លាំង និងបទពិសោធន៍ល្អៗ នឹងជួយឱ្យយើងអភិវឌ្ឍប្រព័ន្ធអប់រំប្រកបដោយគុណភាព និងនិរន្តរភាព។ ខ្ញុំសូមថ្លែងអំណរគុណដល់អង្គការ ខេប និងគម្រោង CLASS ដែលបានរៀបចំកម្មវិធីនេះឡើង”។

 

ជាលទ្ធផល កម្មវិធីទស្សនកិច្ចនេះបានបញ្ចប់ដោយជោគជ័យ ដោយអ្នកចូលរួមបានប្តេជ្ញាចិត្តយកបទពិសោធន៍ និងចំណេះដឹងទៅអនុវត្តនៅសាលារៀនរៀងៗខ្លួន ដើម្បីលើកកម្ពស់គុណភាពអប់រំ និងផ្តល់សេវាបរិយាបន្នដល់សហគមន៍។ គម្រោង CLASS ដែលទទួលបានការគាំទ្រពីអង្គការវីវើល-ជីវីស៊ី នឹងបន្តបេសកកម្មរបស់ខ្លួនក្នុងការលើកកម្ពស់ការអប់រំ ជាពិសេសសម្រាប់កុមារងាយរងគ្រោះ និងកុមារដែលមានពិការភាពក្នុងការសិក្សានៅទូទាំងខេត្តគោលដៅនៃប្រទេសកម្ពុជា។

 

#CLASS #BMZ #REACH #kapeprojects #WeWorld-GVC

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

117

មត្តេយ្យសិក្សា

178

បឋមសិក្សា

207

មធ្យមសិក្សា

2

ឧត្តមសិក្សា

163,072

សិស្សានុសិស្ស

4,487

គ្រូបង្រៀន / នាយក

5,362

ភាគីពាក់ព័ន្ធ