បច្ចុប្បន្នភាពគម្រោង

គម្រោង អប់រំបំណិនជីវិតមូលដ្ឋាន (LLSE)

បច្ចុប្បន្នភាពគម្រោង

 

        អង្គការយូនីសេហ្វគាំទ្រដល់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអនុវត្តកម្មវិធីអប់រំបំណិនជីវិតតាមមូលដ្ឋាន (LLSE) ដើម្បីអភិវឌ្ឍជំនាញទន់ដូចមានចែងក្នុងគន្លឺះសាលាសម្រាប់ថ្នាក់ទី៤-៦ (បឋមសិក្សា) និងសម្រាប់ថ្នាក់ទី៧-៩ (អនុវិទ្យាល័យ)។ LLSE ផ្តល់ឱកាសសម្រាប់សិស្សានុសិស្សដើម្បីអនុវត្តនូវអ្វីដែលពួកគេបានរៀនពីគ្រប់មុខវិជ្ជា និងប្រភពព័ត៌មានចម្រុះផ្សេងៗទៀត (រួមទាំងការរៀនតាមអ៊ីនធឺណិត) ទៅនឹងការអនុវត្តជីវិតប្រចាំថ្ងៃ និងការចូលរួមរបស់ពួកគេតាមរយៈដំណើរការសិក្សា៦ជំហានដោយផ្អែកលើបញ្ហាដែលមានក្នុងមូលដ្ឋាន​។

 

        នៅខែសីហា ឆ្នាំ២០២៣ អង្គការ ខេប បានចុះកិច្ចសន្យាជាមួយអង្គការយូនីសេហ្វ ធ្វើជាភ្នាក់ងារប្រឹក្សាគាំទ្រដល់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការសម្របសម្រួលកម្មវិធីអប់រំបំណិនជីវិតតាមមូលដ្ឋានដោយមានការគាំទ្រពីអង្គការមិនមែនរដ្ឋាភិបាល/ម្ចាស់ជំនួយផ្សេងៗ ហើយដូច្នេះត្រូវសម្របសម្រួលកម្មវិធី LLSE ទូទាំងប្រទេស ដែលដឹកនាំដោយក្រុមការងារក្រសួងអប់រំ។ ស្ថិតជាផ្នែកមួយនៃជំនួយបច្ចេកទេស (TA) អង្គការ ខេប ទទួលខុសត្រូវលើកិច្ចការជាច្រើនក្រោមការចាត់តាំងទាំងនេះ រួមមាន៖ (១) ការអភិវឌ្ឍ និងការគ្រប់គ្រងការវាយតម្លៃបំណិនជីវិតមូលដ្ឋាន ដែលនឹងប្រៀបធៀបសាលារៀន៣ប្រភេទ (សាលា LLSE សាលារៀនជំនាន់ថ្មី និងសាលាអនុវត្ត។ (២) ការអភិវឌ្ឍសៀវភៅណែនាំបណ្តុះបណ្តាលបំណិនជីវិតដែលផ្តោតលើការរៀនផ្អែកលើបញ្ហា។ (៣) ការអភិវឌ្ឍឯកសារយោងដែលសង្ខេបធនធានមានប្រយោជន៍សម្រាប់ការបង្រៀនបំណិនជីវិត។ និង (៤) ការអភិវឌ្ឍឯកសារផែនទីបង្ហាញផ្លូវដែលជួយដល់ក្រសួងអប់រំ និងអង្គការយូនីសេហ្វ សម្រាប់រៀបចំផែនការពង្រីកសកម្មភាព LLSE ទៅកាន់សាលារៀនបន្ថែមទៀតនៅក្នុងខេត្តជាច្រើនទៀត។

 

វត្ថុបំណង

 

        គោលបំណងការងារនេះដើម្បីគាំទ្រដល់ក្រុមការងារបំណិនជីវិតរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពង្រីកការអនុវត្ត LLSE ជាបណ្តើរៗនៅតាមស្រុក និងខេត្តថ្មីៗ។ ការចាត់តាំងនឹងត្រូវបានរៀបចំឡើងជុំវិញកិច្ចការស្នូលចំនួន៣ដូចខាងក្រោម៖

  • ធ្វើការវាយតម្លៃដែលនឹងបង្កើតកម្រិតមូលដ្ឋាននៃកម្រិតជំនាញទន់របស់សិស្ស ក្នុងពេលជាមួយគ្នាកំណត់បញ្ហាប្រឈមបច្ចុប្បន្នក្នុងការអនុវត្ត ព្រមទាំងកត្តាដែលជួយសម្រួលដល់ការអនុវត្តប្រកបដោយជោគជ័យនៅកម្រិតសាលា។ ការវាយតម្លៃនឹងរួមបញ្ចូលការកំណត់អត្តសញ្ញាណក្រុមប្រៀបធៀបជាច្រើន រួមទាំងសាលាអនុវត្ត (ទាំងបច្ចុប្បន្ន និងដែលបានស្នើឡើងថ្មី) ប្រៀបធៀប និងសាលាជំនាន់ថ្មី (NGS) ជាគំរូបន្ថែមសម្រាប់ការប្រៀបធៀប។
  • បង្កើតសៀវភៅបណ្តុះបណ្តាលស្តីពីការអនុវត្ត LLSE ដែលរួមបញ្ចូលលទ្ធផលវាយតម្លៃ និងការផ្តល់យោបល់ពីក្រុមការងាររបស់ក្រសួងអប់រំ យុវជន និងកីឡា រួមនឹងការរៀបចំសម្ភារៈធនធានបន្ថែមលើប្រធានបទអាទិភាព (ឧ. ការប្រែប្រួលអាកាសធាតុ សមភាពយេនឌ័រ សុខភាពផ្លូវចិត្ត។ល។)។
  • បង្កើតគោលការណ៍ណែនាំសម្រាប់ការពង្រីកកម្មវិធី ស្នើវិធីសាស្រ្តសមស្របដោយប្រើប្រាស់ការអនុវត្តទូទាំងស្រុក និងខេត្ត រួមនឹងការចង្អុលបង្ហាញលើការចំណាយ (ពិចារណាលើការ  បណ្តុះបណ្តាលនាយកសាលាម្នាក់ និងគ្រូពីរនាក់ពីសាលានីមួយៗ) ដែលណែនាំដោយអង្គការយូនីសេហ្វ រួមទាំងព័ត៌មានលម្អិតអំពីនីតិវិធីតាមដាន និងការវាយតម្លៃដែលត្រូវអនុវត្ត។

 

សកម្មភាពសំខាន់ៗ

ក្រសួងអប់រំ យុវជន និងកីឡា

  • ធានាឱ្យមានការសម្របសម្រួលដោយរលូនរវាងនាយកដ្ឋានពាក់ព័ន្ធទាំងអស់ និងអ្នកពាក់ព័ន្ធក្នុងការបង្កើនការបណ្តុះបណ្តាល និងការអនុវត្ត LLSE នៅទូទាំងប្រទេស។
  • រចនាសៀវភៅណែនាំបណ្តុះបណ្តាល ដើម្បីពង្រឹងការអភិវឌ្ឍវិជ្ជាជីវៈរបស់គ្រូបង្រៀនដោយយោងទៅលើវិធីសាស្រ្តបង្រៀន និងការអភិវឌ្ឍជំនាញសតវត្សរ៍ទី២១។
  • ពង្រឹងអភិបាលកិច្ចល្អនៅក្នុងសាលារៀន ដែលជាលក្ខខណ្ឌដំបូងសម្រាប់ការអនុវត្ត LLSE ប្រកបដោយប្រសិទ្ធភាព។
  • គាំទ្រគ្រូបង្រៀនឱ្យក្លាយជា "គ្រូបង្រៀនបំណិនជីវិត" ដែលលើកកម្ពស់ឱកាសសម្រាប់សិស្សក្នុងការអនុវត្តការសិក្សារបស់ពួកគេពីគ្រប់មុខវិជ្ជានៅក្នុងជីវិតប្រចាំថ្ងៃ។
  • បង្កើនប្រសិទ្ធភាពការប្រើប្រាស់ធនធាន LLSE ដែលមានស្រាប់ និងធ្វើឱ្យធនធានទាំងនោះមានសម្រាប់សាលារៀន (ឧ. តាមរយៈទម្រង់សិក្សាតាមប្រព័ន្ធអេឡិចត្រូនិក DIT)
  • កំណត់យន្តការដើម្បីគាំទ្រគ្រូបន្ទាប់ពីការបណ្តុះបណ្តាល(ឧ.ការណែនាំតាមសាលា)  ដោយ ប្រើរចនាសម្ព័ន្ធរដ្ឋាភិបាលដែលមានស្រាប់ក្នុងការបញ្ជូនការគាំទ្របែបនេះ។
  • រួមបញ្ចូលកត្តាដែលទាក់ទងនឹង ICT នៅក្នុងសៀវភៅណែនាំបណ្តុះបណ្តាល ដើម្បីលើកកម្ពស់ការអប់រំឌីជីថលនៅក្នុងសាលារៀន និងការរួមបញ្ចូល ICT ក្នុងការបង្រៀន និងរៀនរបស់ LLSE ។
  • ពិនិត្យឡើងវិញនូវការអនុវត្តការវាយតម្លៃដែលមានស្រាប់លើការអភិវឌ្ឍជំនាញទន់ (ឧ.ការវាយតម្លៃទម្រង់) និងពិចារណាណែនាំការវាយតម្លៃសិស្សដោយផ្អែកលើសមត្ថភាព។
  • ជួយរួមបញ្ចូលលក្ខណៈសំខាន់ៗការងារគម្រោងក្នុងដំណើរការ LLSE ៦ ជំហាន។

 

សាលារៀន

 

  • គាំទ្រការអនុវត្ត LLSEប្រកបដោយប្រសិទ្ធភាព ដែលភ្ជាប់នឹងអភិបាលកិច្ចល្អ និងភាពជាអ្នកដឹកនាំដ៏រឹងមាំ។
  • ពង្រឹងការយល់ដឹងរបស់គ្រូអំពីជំនាញទន់។
  • កំណត់ធនធានបន្ថែមដើម្បីគាំទ្រដល់ការអនុវត្ត LLSE សម្រាប់ប្រធានបទមួយចំនួន (ឧ. ការប្រែប្រួលអាកាសធាតុ)។
  • កំណត់អត្តសញ្ញាណធនធានមូលដ្ឋានដែលសាលាអាចខ្វះសម្រាប់ការអនុវត្ត LLSE (ឧ. អេក្រង់ LCD កុំព្យូទ័រមិនមាន)។
  • ស្ទាបស្ទង់ពីកង្វះគ្រូបង្រៀនដែលជាឧបសគ្គអនុវត្ត LLSE (ជាពិសេសនៅកម្រិតមធ្យមសិក្សាបឋមភូមិ)។
  • គូសបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ក្នុងការអនុវត្ត LLSE រួមទាំងសិស្ស និងសហគមន៍។
  • គូសបញ្ជាក់ពីរបៀបដែលសាលារៀនអាចលើកកម្ពស់ការផ្លាស់ប្តូរអាកប្បកិរិយានៅក្នុងសហគមន៍ តាមរយៈការអនុវត្ត LLSE ។
  • គូសបញ្ជាក់ថា LLSE ធ្វើអោយប្រសើរឡើងនូវទំនាក់ទំនងសាលារៀន និងសហគមន៍។
  • តស៊ូមតិជាមួយអាជ្ញាធរមូលដ្ឋាន (ឃុំ ស្រុក និងខេត្ត) ដើម្បីចាត់វិធានការបន្ថែមទៀត ដើម្បីគាំទ្រដល់ការអនុវត្តបំណិនជីវិតតាមមូលដ្ឋាន និងដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន។

 

ឧបត្ថម្ភគាំហិរញ្ញប្បទានដោយ

117

មត្តេយ្យសិក្សា

178

បឋមសិក្សា

207

មធ្យមសិក្សា

2

ឧត្តមសិក្សា

163,072

សិស្សានុសិស្ស

4,487

គ្រូបង្រៀន / នាយក

5,362

ភាគីពាក់ព័ន្ធ