សមិទ្ធិផលជោគជ័យ និងគំនិតផ្តួចផ្តើមថ្មី
ផលសម្រេចបាននៃការអនុវត្តសាកល្បងកម្មវិធីអក្ខរកម្មឌីជីថលខ្មែរ
Date : 2024-10-11កញ្ញា ស៊ិន ឡៃហ៊ាង ជាគ្រូបង្គោលកម្មវិធីអក្ខរកម្មឌីជីថល និងគ្រូបង្រៀនផ្នែកICT នៅវិទ្យាល័យហ៊ុនសែនកំពង់ចាម និងបានចូលរួមជាមួយកម្មវិធីការសាកល្បងកម្មវិធីអក្ខរកម្មឌីជីថល ក្នុងខែកុម្ភៈ ឆ្នាំ២០២៤។ នៅក្នុងយុគសម័យឌីជីថលបច្ចុប្បនេះ បច្ចេកវិទ្យាបានក្លាយជាឧបករណ៍ដ៏សំខាន់សម្រាប់ភ្ជាប់ការទំនាក់ទំនង ប៉ុន្តែវាបង្កឱ្យមានគ្រោះថ្នាក់ជាហូហែរដោយសារ ជនខិលខូចឆ្លៀតឱកាសបោកប្រាស់ទំនុកចិត្ត និងការឆបោកផ្សេងៗ។ ទាំងអស់នេះ ដោយសារតែជនរងគ្រោះមិនបានយល់ដឹងពីការប្រើប្រាស់បណ្តាញសង្គមឱ្យបានត្រឹមត្រូវ។
អ្នកគ្រូ ឡៃហ៊ាង បានបង្រៀនកម្មវិធីអក្ខរកម្មឌីជីថលខ្មែរបួនម៉ោងក្នុងមួយសប្តាហ៍។ សិស្សានុសិស្សទទួលបានចំណេះដឹងជាច្រើនពីកម្មវិធីដូចជា ដឹងពីរបៀបរក្សាឯកជនភាព ដឹងពីគុណសម្បត្តិ និងគុណវិបត្តិនៃការចែករំលែកព័ត៌មាន ភាពជាពលរដ្ឋឌីជីថល កេរ្តិ៍ឈ្មោះនៅលើអនឡាញ និងជំហានផ្ទៀងផ្ទាត់ ជាពិសេសដឹងពីដែនកំណត់របស់ខ្លួនអ្វីគួរធ្វើ និងអ្វីមិនគួរធ្វើ។ ដូច្នេះ កម្មវិធីអក្ខរកម្មឌីជីថលខែ្មរបានបង្រៀន សិស្សានុសិស្សឱ្យចេះការពារខ្លួននៅលើប្រព័ន្ធអនឡាញ និងពង្រឹងការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត និងបណ្តាញសង្គមរបស់ពួកគេល្អប្រសើរឡើងនាពេលអនាគត។
អ្នកគ្រូបានបន្ថែមទៀតថា “សិស្សភាគច្រើនហាក់ដូចជាមិនបានដឹងពីការរក្សាសុវត្ថិភាពរបស់ខ្លួននៅតាមបណ្តាញសង្គមនោះឡើយ ប៉ុន្តែបន្ទាប់ពីពួកគេបានចូលរួមក្នុងកម្មវិធី ពួកគេចាប់ផ្តើមខ្វល់ខ្វាយពីគណនីដូចជា ខ្លាចគេលួចគណនីយកទៅធ្វើអី្វផ្តេសផ្តាស ខ្លាចគេដឹងពីអត្តសញ្ញាណ និងខ្លាចគេធ្វើបាបនៅតាមបណ្តេញសង្គម។ ដូច្នេះ កម្មវិធីនេះបានផ្តល់ឱ្យសិស្សជាមួយចំណេះដឹងពីការប្រើប្រាស់ឌីជីថលប្រកបដោយការទទួលខុសត្រូវ។”
អំឡុងពេលបង្រៀន អ្នកគ្រូមានបញ្ហាប្រឈមចំនួនពីរគឺ ទី១ សិស្សមិនមានទូរស័ព្ទដៃវៃឆ្លាតប្រើប្រាស់ផ្ទាល់ខ្លួនគ្រប់គ្នា និងទី២ ស្លាយមេរៀននៅមានកម្រិតក្នុងការប្រើប្រាស់ជារួម។ ដើម្បីដោះស្រាយបញ្ហាទាំងពីរនេះ ខ្ញុំបានសុំការអនុញ្ញាតខាងសាលារៀន ប្រើប្រាស់កុំព្យូទ័រ និងថេបភ្លែតរបស់សាលារៀន សម្រាប់អនុវត្តសកម្មភាពបង្រៀនដូចជាការធ្វើតេស្តមុន និងតេស្តក្រោយវគ្គ ជាពិសេសបានច្នៃមេរៀនទៅជាសកម្មភាព។ ទន្ទឹមនឹងនោះ ក្រុមការងារស្នូលបានផ្តល់បច្ចេកទេស និងវគ្គបណ្តុះបណ្តាលពិគ្រោះយោបល់ជាច្រើនលើកមុននឹងចាប់ផ្តើមអនុវត្តកម្មវិធីអក្ខរកម្មឌីជីថលខ្មែរ ដើម្បីជួយសម្រួលការងារបង្រៀនរបស់គ្រូបង្គោលឱ្យកាន់តែមានភាពងាយស្រួលឡើង។
ជាចុងក្រោយ អ្នកគ្រូស្នើសុំដល់គម្រោងគួរតែត្រួតពិនិត្យ និងកែសម្រួលពាក្យក្នុងស្លាយមេរៀនឱ្យងាយយល់ជាងនេះ ទើបងាយស្រួលក្នុងការបង្រៀន។ សូមពង្រីកកម្មវិធីទៅកាន់សាលារៀនបន្ថែមទៀតនឹងជួយសិស្សានុសិស្សរៀនពីការប្រើប្រាស់បណ្តាញសង្គមប្រកបដោយការទទួលខុសត្រូវ។
សិស្សឈ្មោះ សុត្ថា សិរីវឌ្ឍនា ជាអ្នកទទួលផលគម្រោងបានលើកឡើងថា “កាលពីមុន ការប្រើប្រាស់ឌីជីថលរបស់ខ្ញុំមិនមានសុវត្ថិភាពទេ ព្រោះខ្ញុំមិនទាន់ស្គាល់ ពីរបៀបការពារព័ត៌មានផ្ទាល់ខ្លួននៅបណ្តាញសង្គម ប៉ុន្តែបន្ទាប់ពីបានចូលរួមសិក្សារៀនសូត្រ ជាមួយគម្រោង ខ្ញុំអាចប្រើប្រាស់បណ្តាញសង្គម របស់ខ្ញុំមានមានសុវត្ថិភាព។ កម្មវិធីអក្ខរកម្មឌីជីថលខ្មែរ ពិតជាល្អសម្រាប់ខ្ញុំ ព្រោះវាធ្វើឱ្យខ្ញុំចេះប្រើប្រាស់កម្មវិធីឌីជីថលឱ្យបានត្រឹមត្រូវ និងចេះការពារខ្លួនលើប្រព័ន្ធអ៊ីនធឺណិត”។
សិស្សឈ្មោះ អេង បញ្ញាស័ក្តិ ជាសិស្សថ្នាក់ទី៧ នៅវិទ្យាល័យ ហ៊ុនសែនកំពង់ចាម បានលើកឡើងថា “កម្មវិធីអក្ខរកម្មឌីជីថលខ្មែរ ពិតជាបានផ្តល់ចំណេះដឹងមូលដ្ឋាននៃការប្រើប្រាស់ឌីជីថលល្អៗជាច្រើនសម្រាប់ខ្ញុំ ដូចជា ការថែរក្សាកេរ្តិ៍ឈ្មោះឱ្យបានល្អនៅលើប្រព័ន្ធអនឡាញ ការស្រាវជ្រាវព័ត៌មាន និងការដាក់ពាក្យសម្ងាត់លើគណនីឱ្យរឹងមាំ ហើយខ្ញុំដឹងទៀតថា ការចែកចាយព័ត៌មានផ្ទាល់ខ្លួនច្រើនពេកនៅលើបណ្តាញសង្គមវាមិនល្អនោះទេ ដូច្នេះការប្រើប្រាស់បណ្តាញសង្គមរបស់ខ្ញុំកាន់តែមានសុវត្ថិភាព”។
កម្មវិធីអក្ខរកម្មឌីជីថលខ្មែរ គឺជាគំនិតផ្តួចផ្តើមមួយរបស់ WeThinkDigital ដែលបង្កើតឡើងដោយក្រុមហ៊ុនមេតា(ហ្វេសប៊ុក) ក្នុងឆ្នាំ២០១៩ ដើម្បីជួយអភិវឌ្ឍជំនាញដែលយើងត្រូវការដើម្បីបង្កើតពលរដ្ឋឌីជីថលដែលមានទំនួលខុសត្រូវ ការគិតបែបស៊ីជម្រៅ ការយល់ចិត្តគ្នា និងការសន្ទនាបែបឌីជីថល។ កម្មវិធីអក្ខរកម្មឌីជីថលខ្មែរមានគោលបំណងក្នុងការផ្តល់សនិទានភាព និងការធ្វើឱ្យប្រសើរឡើងនូវកម្មវិធីសិក្សាអាយស៊ីធី(ICT) សម្រាប់កម្រិតមធ្យមសិក្សាបឋមភូមិ (ថ្នាក់ទី ៧-៩) នៅក្នុងសាលារៀនជំនាន់ថ្មី៕
117
មត្តេយ្យសិក្សា178
បឋមសិក្សា207
មធ្យមសិក្សា2
ឧត្តមសិក្សា163,072
សិស្សានុសិស្ស4,487
គ្រូបង្រៀន / នាយក5,362
ភាគីពាក់ព័ន្ធ