សមិទ្ធិផលជោគជ័យ និងគំនិតផ្តួចផ្តើមថ្មី
ថវិកាបដិភាគពន្លឿនដំណើរការរអភិវឌ្ឍន៍សាលារៀនប្រកបដោយប្រសិទ្ធភាព
Date : 2023-07-12សាលាបឋមសិក្សា កោះគ្រឹស្នា គឺជាសាលារៀនមួយក្នុងចំណោមសាលារៀនគោលដៅរបស់គម្រោង CO-SAVED ស្ថិតនៅក្នុងស្រុកកំពង់ត្រាច មានចម្ងាយ៣៧,៥គីឡូម៉ែត្រពីមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត។ សាលានេះមានអគារសិក្សាចំនួន១ខ្នង ស្មើ៦បន្ទប់ មានគ្រូបង្រៀនចំនួន៦នាក់ និងសិស្សចំនួន១៣០នាក់ ដែលជាកូនរបស់អ្នកនេសាទនៅតាមឆ្នេរសមុទ្រ។ លោកស្រី ទន់ សុគន្ធា ជានាយិកា និងជាគ្រូបង្រៀននៅសាលាបឋមសិក្សា កោះគ្រឹស្នា មានសេចក្តីសប្បាយចិត្តខ្លាំងចំពោះសមិទ្ធិផលអភិវឌ្ឍន៍សាលារៀន ជាពិសេសការកើនឡើងសមត្ថភាពរបស់នាយិកា គ្រូបង្រៀន បណ្ណារក្ស និងគណៈកម្មការគ្រប់គ្រងសាលារៀនក្រោយទទួលបានវគ្គបណ្តុះបណ្តាលពីគម្រោង។
មុនពេលមិនទាន់មានគម្រោង CO-SAVED ចូលមកអន្តរាគមន៍ សាលាបឋមសិក្សា កោះគ្រឹស្នា មានការខ្វះខាតច្រើន រួមមាន៖ បរិស្ថានសាលាមិនស្អាត ខ្វះខាតសម្ភារៈសម្រាប់បង្រៀន និងរៀន។ លោកគ្រូអ្នកគ្រូត្រូវប្រើប្រាស់ការច្នៃប្រឌិតដោយខ្លួនឯង មានជាក្រដាសយកមកគូរវាស ប៉ុន្តែសម្ភារៈទាំងនោះប្រើប្រាស់មិនបានយូរ ឆាប់ខូច និងចំណាយបន្ថែមច្រើន។ ការបង្រៀន និងដឹកនាំសាលាត្រូវបានអនុវត្តតាមបែបប្រពៃណី គ្មានប្រព័ន្ធតាមដានការសិក្សា ឬទប់ស្កាត់ការបោះបង់ការសិក្សា គ្មានកន្លែងអនាម័យលាងដៃសម្រាប់កុមារ ថ្នាក់រៀនគ្មានភាពទាក់ទាញ ឬរៀបចំតាមសាលាកុមារមេត្រីត្រឹមត្រូវល្អឡើយ។ ការកៀរគររកថវិកាពីសហគមន៍នៅមានកម្រិត ព្រោះគណៈកម្មការគ្រប់គ្រងសាលាមិនទាន់យល់ដឹងអំពីតួនាទីភារកិច្ចរបស់ខ្លួនបានច្បាស់លាស់។ ចំណែកការការផ្សព្វផ្សាយព័ត៌មានសិក្សារបស់កុមារទៅកាន់ឪពុកម្តាយសិស្ស និងពីសិស្សមកកាន់សាលាវិញគ្មានលក្ខណៈទូលំទូលាយនោះទេ។ ពេលកុមារចេញលេងម្តងៗមានការលំបាករកកន្លែងរត់លេង ដោយសារបរិស្ថានសាលារៀនមិនមានការរៀបចំស្អាតល្អ ខ្វះសួនច្បារលម្អ គ្មានសួនជីវៈ និងសួនកុមារ។ កត្តាលំបាកទាំងនេះបានជំរុញនាយិកាស្វះស្វែងរកគ្រប់មធ្យោបាយដើម្បីរកជំនួយឧបត្តម្ភគាំទ្រពីខាងក្រៅ។
បន្ទាប់ពីគម្រោង CO-SAVED របស់អង្គការ ខេប បានចូលមកអន្តរាគមន៍នៅសាលាបឋមសិក្សា កោះគ្រឹស្នា នេះអស់រយៈពេល២ឆ្នាំកន្លងមក បានធ្វើឱ្យសាលារៀននេះមានការផ្លាស់ប្តូរមុខមាត់ថ្មី និងរីកចម្រើនច្រើន។ ការមានទំនាក់ទំនង និងភាពជាអ្នកដឹកនាំសាលាល្អ ជាពិសេសជាមួយការិយាល័យអប់រំ យុវជន និងកីឡាស្រុក ទាក់ទាញបានដៃគូអភិវឌ្ឍន៍គឺអង្គការ ខេប តាមរយៈគម្រោង CO-SAVED ដែលនាំមកនូវជំនួយបច្ចេកទេស និងថវិកាសម្រាប់អភិវឌ្ឍន៍សាលារៀនចាប់តាំងពីឆ្នាំ២០២១មក។ គម្រោងនេះបានជួយកែលម្អបរិស្ថានសាលារៀន ការតុបតែងថ្នាក់ សម្ភារៈបង្រៀនរបស់គ្រូ កែលម្អកន្លែងអនាម័យលាងដៃ ជាពិសេសវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពគ្រូបង្រៀនសិស្សរៀនយឺត និងសិស្សប្រឈមនឹងការបោះបង់ការសិក្សា។ ការជួយបំប៉នដល់សិស្សរៀនយឺត និងសិស្សធ្លាក់មធ្យមភាគគឺពិតជាសកម្មភាពដ៏ល្អរបស់គម្រោងដែលបានលើកទឹកចិត្តពួកគេមិនឱ្យបោះបង់ការសិក្សាបាន រីករាយជាមួយគ្រូ និងថ្នាក់រៀនតុបតែងស្អាត។ មធ្យមភាគរបស់សិស្សទាំងនោះកើនល្អជាងមុនបើប្រៀបធៀបពេលគម្រោងមិនទាន់មកដល់ ដោយបច្ចុប្បន្ននេះ ពួកគាត់អាចបន្តឡើងថ្នាក់បាន។ នៅក្នុងឆ្នាំ២០២៣សាលាបឋមសិក្សា កោះក្រឹស្នា ទទួលបានថវិកាអភិវឌ្ឍន៍សាលារៀនចំនួន២ ៨០០ ០០០រៀលពីគម្រោងបូកថវិការបស់សាលាចំនួន២ ៦៥០ ០០០រៀលសម្រាប់កែលម្អបរិស្ថាន ការតុបតែងថ្នាក់រៀនតាមកម្មវិធីសាលាកុមារមេត្រី និងការផលិតសម្ភារៈបង្រៀនតាមមុខវិជ្ជានីមួយ។ គម្រោងក៏បានជួយបណ្តុះបណ្តាលដល់គណៈកម្មការគ្រប់គ្រងសាលា នាយក និងក្រុមប្រឹក្សាកុមារបន្ថែមទៀតផង។
អ្នកគ្រូ ទន់ សុគន្ធា បានមានប្រសាសន៍ថា “នាងខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ដោយបានគម្រោងរបស់អង្គការ ខេប ចូលរួមមានទាំងថវិកាបដិភាគជាមួយសាលា និងបានធ្វើឱ្យការងារអនុវត្តក្នុងសាលាទទួលបានជោគជ័យច្រើន ហើយយើងមានគម្រោងតុបតែងទីចាត់ការសាលា ចាក់ដីធ្វើសួនជីវៈចម្រុះ និងសួនកុមារនៅឆ្នាំក្រោយ។ ដើម្បីឱ្យកុមារចូលចិត្តមកសាលារៀនពេញលេញ គឺតម្រូវឱ្យគ្រូបង្រៀនមកបង្រៀនទៀងទាត់ គោរពម៉ោងចេញចូល ជាពិសេសគ្រូត្រូវមានសម្ភារៈបង្រៀនទាក់ទាញ។ ចំណែកបន្ទប់រៀនវិញ គ្រូត្រូវរៀបចំឱ្យមានសណ្តាប់ធ្នាប់ មានសោភណ្ឌភាព ជាបន្ទប់ កុមារមេត្រី ការលើកទឹកចិត្តរបស់គ្រូជាមួយសិស្ស។ នាងខ្ញុំសំណូមពរឱ្យអង្គការ ខេប បំប៉នសមត្ថភាពគ្រូបង្រៀននូវជំនាញថ្មីៗបន្ថែមទៀត ”។
ទោះបីមានការចូលរួមអភិវឌ្ឍសាលារៀនក្នុងរយៈពេលខ្លីក្តី ក៏គម្រោង CO-SAVED ពិតជាបាននាំមកនូវការផ្លាស់ប្តូរវីធីសាស្ត្របង្រៀន និងរៀន បរិស្ថានសាលា ការរៀបចំថ្នាក់រៀន កន្លែងអនាម័យលាងដៃ និងផ្នែកផ្សេងៗជាច្រើនទៀតនៅសាលាបឋមសិក្សា កោះគ្រឹស្នា ដែលបានឆ្លើយតបនឹងតម្រូវការរបស់កុមារជាក់ស្តែងនៅក្នុងមូលដ្ឋាន។ លោកគ្រូអ្នកគ្រូទទួលបានបទពិសោធន៍ និងចំណេះដឹងនៅក្នុងការប្រតិបតិ្តគម្រោង CO-SAVED។
នៅពេលដល់ម៉ោងចេញលេងភ្លាម លោក កង វិត ដែលជាគ្រូបង្រៀនថ្នាក់ទី៦ បានមានប្រសាសន៍ថា “គម្រោង CO-SAVED បានធ្វើឱ្យសាលារៀនខ្ញុំរីកចម្រើនច្រើន ដូចជា ការតុបតែងថ្នាក់ ការបំប៉នសិស្សរៀនយឺត និងការកែលម្អផ្នែកបរិស្ថានសាលារៀន។ ក្រៅពីនេះ គម្រោងបានផ្តល់ជាវគ្គបណ្តុះបណ្តាលស្តីពី ប្រព័ន្ធរំឮកជាមុន ការដើរបង្រៀនកុមារតាមភូមិ និងការតាមដានគ្រូបង្រៀនសិស្សតាមខ្នងផ្ទះ។ គម្រោងនេះបានជួយឱ្យសាលារៀនខ្ញុំល្អហើយ តែខ្ញុំសូមឱ្យគម្រោងបន្តទៅជួយសាលារៀងផេ្សងទៀត ”។
សិស្សឈ្មោះ ម៉េងជូ ប្រធានក្រុមប្រឹក្សាកុមារ និងជាសិស្សថ្នាក់ទី៥ បាននិយាយថា “ខ្ញុំសប្បាយចិត្តណាស់ ព្រោះនៅក្នុងថ្នាក់រៀនខ្ញុំមានការតុបតែងល្អ ដូចជា ស្រះនិស្ស័យ ព្យញ្ចនៈ គ្មានសម្រាម មានសណ្តាប់ធ្នាប់ល្អ និងមុខថ្នាក់មានសួនផ្កាស្អាត។ ឥឡូវបរិវេណសាលាស្អាត មានស្មៅ កន្លែងដាក់កង់មានរបៀបល្អ ហើយអ្នកគ្រូបង្រៀនដោយយកចិត្តទុកដាក់ចំពោះសិស្ស ”។
គម្រោង CO-SAVED ត្រូវបានប្រតិបត្តិដោយអង្គការ ខេប ដោយសហការជាមួយអង្គការ AeA ក្រោមជំនួយហិរញ្ញប្បទានសហភាពអឺរ៉ុប។ គម្រោង CO-SAVED បានផ្តល់ការបណ្តុះបណ្តាលគ្រូបង្រៀន នាយកសាលា បណ្ណារក្ស ការប្រជុំឪពុកម្តាយ គណៈកម្មការគ្រប់គ្រងសាលារៀន ប្រព័ន្ធរំលឹកទុកជាមុន សម្ភារៈអាហារូបករណ៍ ជួសជុលបន្ទប់សិក្សា បណ្តាល័យ ការផ្តល់ការគាំទ្រផ្នែកបច្ចេកទេស ថវិកាអភិវឌ្ឍន៍សាលា បង្កើតសាលាមត្តេយ្យសហគមន៍ ជួសជុលនិងកសាងបង្គន់អនាម័យ កន្លែងលាងដៃ ការលើកកម្ពស់លទ្ធភាពទទួលបានការអប់រំសម្រាប់សិស្សជាកូនអ្នកនេសាទនៅក្នុងគម្រោង ដោយធ្វើសកម្មភាពសំខាន់ៗបង្កើនការចុះឈ្មោះចូលរៀន និងពង្រឹងគុណភាពសិក្សារបស់កុមារថ្នាក់បឋមសិក្សានៅក្នុងតំបន់ និងបង្កើនការចុះឈ្មោះចូលរៀន ព្រមទាំងពង្រឹងគុណភាពសិក្សាសម្រាប់សិស្សអនុវិទ្យាល័យផងដែរ។ ថវិកាអភិវឌ្ឍន៍សាលាបានជួយសម្រួលបន្ទុកច្រើនដល់សាលាបឋមសិក្សា កោះគ្រឹស្នា ក្នុងការដឹកនាំ និងគ្រប់គ្រងការអប់រំកុមារ និងយុវជនឱ្យទទួលបានលទ្ធផលល្អប្រសើរជាលំដាប់៕
117
មត្តេយ្យសិក្សា178
បឋមសិក្សា207
មធ្យមសិក្សា2
ឧត្តមសិក្សា163,072
សិស្សានុសិស្ស4,487
គ្រូបង្រៀន / នាយក5,362
ភាគីពាក់ព័ន្ធ