សមិទ្ធិផលជោគជ័យ និងគំនិតផ្តួចផ្តើមថ្មី

ការផ្លាស់ប្តូរឥរិយាបទរបស់គ្រូបង្រៀន

Date : 2021-09-15
Facebook Twitter Google+ LinkedIn Addthis

អ្នកស្រី វ៉ាន់អ៊ាម គឺជាគ្រូបង្រៀនម្នាក់នៅអនុវិទ្យាល័យ ទួលថ្ម ក្នុងក្រុងកំពង់ចាម​ ខេត្តកំពង់ចាម។ អ្នកស្រីបង្រៀនមុខវិជ្ជាគេហកិច្ចថ្នាក់ទី ៧ និងទី ៨។ ជាធម្មតា អ្នកស្រីមកបង្រៀននៅសាលារៀនតែ ១ ទៅ ២ ដងប៉ុណ្ណោះក្នុងមួយសប្តាហ៍ ព្រោះអ្នកស្រីគិតថា មុខវិជ្ជានេះមិនសូវសំខាន់សម្រាប់សិស្សរបស់អ្នកស្រីទេ។

 

នៅពេលគម្រោងអប់រំបំណិនជីវិតសម្រាប់កុមារី (LSLAG) បានចាប់ផ្តើមចូលមកធ្វើអន្តរាគមន៍កម្មវិធីអប់រំបំណិនជីវិតនៅក្នុងសាលានេះ ក្រុមការងារគម្រោង LSLAG បានធ្វើកិច្ចសហការការងារជាមួយគណៈគ្រប់គ្រងសាលារៀន ដើម្បីសាលាល្បងកម្មវិធីសិក្សា Gap Inc. P.A.C.E.។ លោកនាយកសាលាក៏បានជ្រើសរើសអ្នកស្រីឱ្យទទួលភារកិច្ចបង្រៀនកម្មវិធីនេះ។ ជាដំបូងឡើយ អ្នកស្រីបានគិតថា កម្មវិធីអប់រំបំណិនជីវិតនេះគឺដូចគ្នាទៅនឹងកម្មវិធីអប់រំបំណិនជីវិតរបស់សាលាដែលអ្នកស្រីបានបង្រៀនរាល់ថ្ងៃ ហើយអ្នកស្រីក៏សម្រេចចិត្តទទួលបង្រៀនកម្មវិធីនេះ។

 

គម្រោង LSLAG បានរៀបចំបើកសិក្ខាសាលាបណ្តុះបណ្តាលរយៈពេល ៦ ថ្ងៃ ស្តីពីការប្រើប្រាស់សៀវភៅ និងវិធីសាស្រ្តបង្រៀនកម្មវិធីសិក្សា Gap Inc. P.A.C.E. ដល់គ្រូបង្រៀនទាំងអស់មកពីសាលារៀនគោលដៅគម្រោង ហើយសម្របសម្រួលដោយក្រុមគ្រូបណ្តុះបណ្តាលបង្គោលរបស់គម្រោង។ បន្ទាប់ពីចូលរួមសិក្ខាសាលានេះមក អ្នកស្រីមានអារម្មណ៍ថា អ្នកស្រីចង់បដិសេធទទួលយកកម្មវិធីនេះបង្រៀន ព្រោះវាមានការពិបាកយល់ និងស្មុគស្មាញជាងអ្វីដែលអ្នកស្រីបានរៀននៅសាលារបស់អ្នកស្រី។ ដោយមានការលើកទឹកចិត្តពីនាយកសាលា និងបុគ្គលិកគម្រោង LSLAG អ្នកស្រីបានចាប់ផ្តើមបង្រៀនសិស្សថ្នាក់ទី ៧ នៅក្នុងសាលារបស់អ្នកស្រី។

 

វាគឺជាពិបាកណាស់សម្រាប់អ្នកស្រីក្នុងការបង្រៀនកម្មវិធីសិក្សានេះ ហើយវាក៏ជាកម្មវិធីថ្មីមួយដែលអ្នកស្រីមិនដែលបង្រៀនពីមុនមកទេ។ អ្នកស្រីជួបបញ្ហាប្រឈមជាច្រើន ដូចជា ពាក្យថ្មី​ និយមន័យពាក្យបច្ចេកទេស ការស្វែងយល់អំពីខ្លឹមសារមេរៀន និងការអនុវត្តសកម្មភាពផ្សេងៗដែលតម្រូវឱ្យសិស្សចូលរួម។ មិនត្រឹមតែប៉ុណ្ណោះ អ្នកស្រីថែមទាំងទទួលបានសំនួរខ្លះពីសិស្ស ដែលពេលខ្លះ អ្នកស្រីពិបាកឆ្លើយចំពោះសំណួរទាំងនោះ។ ជាញឹកញាប់ អ្នកស្រីត្អូញត្អែរអំពីផលវិបាកដែលអ្នកស្រីជួបក្នុងអំឡុងពេលបង្រៀនតាមសៀវភៅនេះ ព្រោះអ្នកស្រីត្រូវចំណាយពេលច្រើនជាងមុនដល់ទៅពីរដង ដើម្បីអាននិងយល់ខ្លឹមសារមេរៀននីមួយៗនៅក្នុងសៀវភៅ។ ជាធម្មតា អ្នកស្រីតែងតែអានមុខវិជ្ជាសំខាន់ដែលអ្នកស្រីត្រូវចេញទៅបង្រៀនសិស្ស។

 

បន្ទាប់ពីអ្នកស្រីព្យាយាមយល់ពីកម្មវិធីដោយការអានម្តងហើយម្តងទៀត រួមទាំងបទពិសោធន៍ជាច្រើនដែលអ្នកស្រីបានជួបពេលកំពុងបង្រៀនសិស្ស បានធ្វើឱ្យអ្នកស្រីដឹងថា កម្មវិធីអប់រំបំណិនជីវិតនេះមិនពិបាកបង្រៀនដូចដែរអ្នកស្រីគិតនោះទេ ហើយវាពិតជាមានសារៈសំខាន់ក្នុងការទទួលបាននូវចំណេះដឹងថ្មីៗសម្រាប់អ្នកស្រី ក៏ដូចជាសិស្សរបស់អ្នកស្រីផងដែរ។

 

ថ្វីត្បិតតែអ្នកស្រីត្រូវប្រឈមមុខនឹងការលំបាកទាំងនោះមែន ប៉ុន្តែដោយសារយល់ដឹងច្បាស់អំពីកម្មវិធីសិក្សានេះ និងវិធីសាស្រ្តបង្រៀន អ្នកស្រីបានតាំងចិត្តខ្ពស់ និងខិតខំធ្វើការបង្រៀនសិស្សដោយផ្លាស់ប្តូរខ្លួនឯងពីការមកសាលារៀនម្តង ឬពីរដងក្នុងមួយសប្តាហ៍ បែរមកសាលារៀនជារៀងរាល់ថ្ងៃវិញ។ ដោយមានការលើកទឹកចិត្តបន្ថែមពីក្រុមការងារគម្រោង និងនាយកសាលា អ្នកស្រី វណ្ណអ៊ាម បានក្លាយជាគ្រូបង្រៀនដ៏ល្អម្នាក់ ហើយមានសិស្សគោរពស្រលាញ់គាត់ខ្លាំងទៀតផង ព្រមទាំងតែងតែទៅសាលារៀនជាមួយគាត់មិនដែលអវត្តមានដូចកាលពីមុននោះទេ។ មិនត្រឹមតែប៉ុណ្ណោះ ចំពោះសិស្សមួយចំនួនដែលមានបញ្ហាផ្ទាល់ខ្លួន បញ្ហាសុខភាព ឬបញ្ហាគ្រួសារ ពួកគេក៏មកពិភាក្សា និងសុំយោបល់ល្អៗពីអ្នកគ្រូ វណ្ណអ៊ាម ផងដែរ។ អ្នកស្រីបានផ្តល់យោបល់ និងលើកទឹកចិត្តផ្សេងៗដល់សិស្សស្រីរបស់គាត់។ គាត់បាននិយាយថា “ក្មេងស្រីខ្លាច និងងាយរងគ្រោះជាងក្មេងប្រុស។ ដូច្នេះ យើងត្រូវតែគាំទ្រក្មេងស្រី និងអប់រំពួកគេឱ្យមានភាពជឿជាក់ និងពឹងពាក់លើខ្លួនឯងបាន ដើម្បីពួកគេអាចក្លាយជាស្ត្រីពិត និងធ្វើជាគំរូសម្រាប់កូនៗរបស់ពួកគេ និងកុមារីជំនាន់ក្រោយៗទៀត"។ មិនត្រឹមតែបានបង្រៀនសិស្ស និងចូលរួមសិក្សាបន្ថែមទៀតប៉ុណ្ណោះទេ សិក្ខាសាលា និងកិច្ចប្រជុំជាច្រើនដែលរៀបចំដោយគម្រោង LSLAG អ្នកស្រីតែងតែចូលរួមយ៉ាងសកម្មនៅក្នុងការពិភាក្សាជាក្រុម និងសកម្មភាពដែលអ្នកសម្របសម្រួលស្នើឱ្យធ្វើ ហើយអ្នកស្រីតែងតែចែករំលែកបទពិសោធន៍ល្អៗទាំងនោះទៅដល់គ្រូដទៃៗទៀតផងដែរ។

 

យើងអាចនិយាយបានថា អ្នកគ្រូវណ្ណអ៊ាម គឺពិតជាគ្រូបង្រៀនម្នាក់ដែលសកម្មបំផុតនៅក្នុងគម្រោង ហើយក៏ជាគ្រូបង្រៀន និងបុគ្គលិកគម្រោងម្នាក់ដែលត្រូវបានគេសរសើរបំផុត។ ទាំងអស់នេះគឺដោយសារតែអ្នកស្រីយល់ឃើញថា “កម្មវិធីសិក្សា Gap Inc. P.A.C.E. គឺជាកម្មវិធីថ្មីមួយដែលមានសារៈសំខាន់ក្នុងការផ្តល់ដល់សិស្ស និងគ្រូបង្រៀននូវចំណេះដឹងអំពីយេនឌ័រ ការអភិវឌ្ឍបំណិនផ្ទាល់ខ្លួន ការសម្រេចចិត្ត ការធ្វើផែនការអនាគត និងឥរិយាបថនៅក្នុងសង្គម។

 

ជាចុងក្រោយ លោកស្រី វណ្ណអ៊ាម ក៏បានសំណូមពរឱ្យគម្រោងបន្ត និងពង្រីកសកម្មភាពទៅដល់សាលារៀនដទៃទៀតនៅទូទាំងប្រទេសកម្ពុជា ដើម្បីជួយសិស្ស និងគ្រូឱ្យទទួលបានចំណេះដឹងថ្មីៗទាំំងនេះក្នុងការចូលរួមអភិវឌ្ឍខ្លួនឯងសម្រាប់អនាគតរបស់ពួកគាត់៕

 

117

មត្តេយ្យសិក្សា

178

បឋមសិក្សា

207

មធ្យមសិក្សា

2

ឧត្តមសិក្សា

163,072

សិស្សានុសិស្ស

4,487

គ្រូបង្រៀន / នាយក

5,362

ភាគីពាក់ព័ន្ធ