Alumni Events

កម្មវិធីជួបជុំអតីតសិស្សអាហារូបករណ៍របស់អង្គការ ខេប លើកទី៥

Date : 2019-06-10

អតីតសិស្សនិងនិស្សិតអាហារូបករណ៍របស់អង្គការ ខេប បានប្រមូលផ្តុំគ្នារៀបចំការប្រជុំប្រចាំឆ្នាំលើកទី៥ នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងក្រុងកំពង់ចាម ដោយមានអ្នកចូលរួមចំនួន១១២រូប ដែលមកពីស្ថានប័នផ្សេងៗគ្នា។ ការជួបជុំនេះមានគោលបំណងបង្ហាញសមាសភាពក្រុម Secretariat ចំនួន១១រូប ជាតំណាងក្រុមនិស្សិតអាហារូបករណ៍ទាំងអស់ ជាពិសេសផ្តល់ឱកាសដល់ពួកគាត់ធ្វើការផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមកពីភាពជោគជ័យក្នុងអាជីពការងារ ការរស់នៅ ក្តីសុបិន្តនាពេលអនាគត និងបញ្ហាប្រឈមនានា រំលឹកអនុស្សាវរីយ៍ និងបង្កើនចំណមិត្តភាពយូរអង្វែង។ ម្យ៉ាងវិញទៀត កម្មវិធីនេះផ្តល់បរិយាកាសដល់ពួកគាត់ចូលរួមចំណែកធ្វើវីភាគទាន ផ្តល់កាលានុវត្តភាព និងពង្រឹងការជួយដល់យុវជនជំនាន់ក្រោយ ដើម្បីទទួលបានការអប់រំល្អប្រសើរ និងក្លាយជាអ្នកនាំគំរូក្នុងសហគមន៍របស់ពួកគាត់។

 

ការជួបជុំអតីតសិស្សនិងនិស្សិតនេះត្រូវបានរៀបចំឡើងបានចំនួន៥លើកហើយមកដល់ពេលនេះសម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងសិស្សនិងនិស្សិតអាហារូបករណ៍ពីជំនាន់មួយទៅជំនាន់មួយទៀត និងអង្គការ ខេប។ លោក ហ៊ិន ស៊ីមហួន នាយរងប្រតិបត្តិអង្គការ ខេប បានអញ្ជើញចូលរួមផ្តល់នូវអនុសាសន៍ និងចំណាប់អារម្មណ៍ដល់ប្អូនៗជាយុវជនទាំងអស់ឱ្យខិតខំប្រឹងប្រែងយកចិត្តទុកដាក់រៀនសូត្រ ធ្វើការងារ និងអភិវឌ្ឍខ្លួនជារៀងរាល់ថ្ងៃដើម្បីឆ្លើយតបនឹងយុគសម័យនៃសតវត្សរ៍ទី២១។ ទោះបីទទួលជោគជ័យពីការសិក្សា និងមានការងារធ្វើរួចក៏ដោយ ក៏ត្រូវបង្កើតទម្លាប់ជួយគ្នាបន្តទៅដល់សិស្សជំនាន់ក្រោយៗទៀតឱ្យមានឱកាសទទួលបានការអប់រំល្អប្រសើរ និងមានអាជីពនៅក្នុងជីវិត។

 

មកដល់បច្ចុប្បន្ននេះ អង្គការ ខេប បានផ្តល់អាហារូបករណ៍ដល់និស្សិតកម្រិតឧត្តមសិក្សាចំនួន១៧១រូប និងគរុសិស្សបឋមនិងមធ្យមសិក្សាចំនួន៦០រូប ដែលក្នុងនោះ៣០រូបកំពុងសិក្សានៅសាកលវិទ្យាល័យក្នុងខេត្តកំពង់ចាម និងមួយចំនួនទៀតកំពុងសិក្សានៅក្រុងភ្នំពេញ និងប្រទេសថៃ។ ក្រោយបញ្ចប់ការសិក្សាជោគជ័យ ពួកគាត់បានចេញបម្រើការងារនៅតាមស្ថាប័ននានា និងបើកអាជីវកម្មផ្ទាល់ខ្លួននៅកន្លែងផ្សេងៗគ្នា ដូចជា៖ គ្រូបង្រៀន អ្នកលក់ មន្ត្រីព័ត៌មានវិទ្យា អ្នកទីផ្សារ ពេទ្យ អ្នកទំនាក់ទំនង បេឡា គណនេយ្យករ វិស្វករព័ត៌មានវិទ្យា បុគ្គលិកក្រុមហ៊ុន អ្នកជំនួយការ អ្នកប្រឹក្សាយោបល់ អ្នកគ្រប់គ្រងធនធានមនុស្ស អ្នករចនាប្លង់ ពេទ្យព្យាបាលចលនា មន្ត្រីបណ្តុះបណ្តាលអង្គការ អាជីវករប្តូរនិងវេប្រាក់វីង ប្រធានគ្រប់គ្រងទូទៅ មន្រ្តីរដ្ឋបាល មន្ត្រីកម្មវិធី ប្រធានកម្មវិធី ប្រធានក្រុម និងមន្រីរដ្ឋាភិបាល។ 

 

លោក អ៊ុន ដារ៉ូ ជាប្រធានគ្រប់គ្រងទូទៅនៅរមណីយដ្ឋាន ហាន់ជ័យ បានមានប្រសាសន៍ថា “នេះជាលើកទី១ ខ្ញុំមានសេចក្តីសប្បាយរីករាយដែលមានឱកាសមកជួបជុំមិត្តភ័ក្រ បងប្អូន លោកគ្រូអ្នកគ្រូ និងម្ចាស់ជំនួយ ជាពិសេសធ្វើឱ្យការជួបជុំគ្រួសារសិស្សនិងនិស្សិតអាហារូបករណ៍អង្គការ ខេប បង្កើតការចែករំលែកចំណេះដឹង បទពិសោធន៍ និងរឿងរ៉ាវជាច្រើនទៀត។ មានការចែករំលែកពីរាមច្បងនូវបទពិសោធន៍សម្រាប់អនុវត្តបន្ត”។ លោកបានបន្តថា “នេះគឺជាចំណុចផ្លាស់ប្តូរដ៏សំខាន់មួយនៅក្នុងជីវិត ព្រោះបើខ្ញុំមិនបានទទួលអាហារូបករណ៍ទេ ខ្ញុំប្រាកដជាបោះបង់ការសិក្សាកាលពីនៅថ្នាក់ទី៧មកម្លេះ។ អាហារូបករណ៍អង្គការ ខេប ធ្វើឱ្យខ្ញុំបានបន្តការសិក្សានៅប្រទេសថៃ និងធ្វើឱ្យធូរស្រាលដល់គ្រួសារខ្ញុំ។ ខ្ញុំបានស្គាល់ពិភពលោកខាងក្រៅ ជាពិសេសទទួលបានការងារមួយដ៏ល្អ”។

 

“កម្មវិធីជួបជុំអតីតសិស្សនិស្សិតអាហារូបករណ៍អង្គការ ខេប ធ្វើឱ្យខ្ញុំរៀនបានច្រើនពីកម្មវិធីពីការចែករំលែកពីរាមច្បង និងមិត្តភ័ក្រផ្សេងៗគ្នា និងធ្វើឱ្យមានមោទនភាពយ៉ាងខ្លាំង។ នៅកន្លែងការងារគឺជាសមរភូមិយកចំណេះទៅប្រយុទ្ធ ហើយសាលារៀនគឺជាកន្លែងហ្វឹកហាត់។ អង្គការ ខេប បានផ្តល់មាគា៌ដល់ពួកខ្ញុំបានចេញដើរប្រឡូកជាមួយពិភពលោកខាងក្រៅ ជួបមនុស្សថ្មីៗ និងឆ្លុះបញ្ចាំងភាពខុសគ្នាពេលសិក្សា និងពេលចេញបម្រើការងារ។ អ្វីដែលសំខាន់មួយទៀតនៅក្នុងការជួបជុំគ្នានេះ អង្គការ ខេប បានជំរុញឱ្យមានការបង្កើតវប្បធម៌ចែករំលែកដោយស្ម័គ្រចិត្តចូលរួមជាបដិភាគទៅក្នុងកញ្ចប់ថវិកាអតីតនិស្សិតសម្រាប់ជួយទ្រទ្រង់ដល់សិស្សក្រីក្រដទៃទៀតបានបន្តការសិក្សា”។

 

នៅក្នុងការប្រជុំនេះមានការសម្តែងរាំរបាំបូរាណខ្មែររបស់និស្សិតអាហារូបករណ៍ជំនាន់ទី៣ ការចែករំលែកស្តីពីភាពជាអ្នកដឹកនាំ បទពិសោធន៍ជីវិត ការសិក្សាពីអតីតនិស្សិតជារាមច្បង ការច្រៀងរាំកំសាន្តសាមគ្គី ជាពិសេសក៏មានការចូលរួមផ្តល់អនុសាសន៍ពីលោក ឃឺត ប្រ៊ែដិនប៊ែក ជាទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់របស់អង្គការ ខេប ដែលបានលើកទឹកចិត្តដល់ប្អូនៗទាំងអស់ឱ្យចេះជួយគ្នាបន្ត និងប្រើប្រាស់សក្តានុពលខ្លួនឯងច្នៃប្រតិដ្ឋធ្វើឱ្យជីវិតបានល្អប្រសើរ។ នៅក្នុងសតវត្សរ៍ទី២១នេះ ទាមទារឱ្យយុវជនវ័យក្មេងរបស់យើងទាំងអស់មានសមត្ថភាពខ្ពស់ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងនៃយុគសម័យបច្ចេកវិទ្យាដ៏សម្បូរបែបនេះ។ អ្វីដែលអង្គការ ខេប ជួយគឺជាចំណែកមួយបង្កើតកាលានុវត្តភាព តែប្អូនៗជាយុវជនគឺអ្នកខិតខំកែច្នៃធ្វើយ៉ាងណាឱ្យសម្រេចគោលបំណងរបស់ខ្លួន។  

 

អ្នកនាង ជឿន ចាន់ដារ៉ា ជាម្ចាស់អាជីវកម្មខ្នាតតូច (វីង) បានលើកឡើងថា “នាងខ្ញុំពិតជារីករាយខ្លាំងណាស់ដែលអង្គការ ខេប បានសម្របសម្រួលឱ្យពួកយើងខ្ញុំបានជួបជុំគ្នានៅថ្ងៃនេះ។ បើអង្គការ ខេប មិនបានជួយផ្តល់ឱកាសដល់នាងខ្ញុំទេ ខ្ញុំគ្មានចំណេះដឹងអាចបើកមុខរបររកស៊ីដូចសព្វថ្ងៃនេះឡើយ និងប្រហែលទៅធ្វើកិច្ចការអ្វីផ្សេងដែលមិនសូវមានតម្លៃ។ ខ្ញុំសូមផ្តាំផ្ញើដល់និស្សិតប្អូនៗដទៃៗត្រូវខិតខំសិក្សារៀនសូត្រដើម្បីជីវិតល្អប្រសើរ។ អង្គការ ខេប ផ្តល់អាហារូបករណ៍ដល់ពួកគាត់គឺជាផ្នែកមួយឱ្យមានមាគា៌ជីវិតត្រូវដើរទៅទិសណា តែពួកគាត់ត្រូវប្រើប្រាស់ពេលវេលាឱ្យមានតម្លៃស្រាវជ្រាវបន្ថែម និងប្រឡូក្នុងសង្គមឱ្យបានច្រើន។ ម្យ៉ាងវិញទៀត ខេបបានធ្វើឱ្យខ្ញុំស្គាល់ជីវិតថ្មី ស្គាល់មនុស្សល្អៗ និងទទួលបទពិសោធន៍ច្រើនទៀត”។

 

កម្មវិធីជួបជុំអតីតសិស្សនិងនិស្សិតនេះត្រូវបានរៀបចំឡើងរាល់ឆ្នាំ ធ្វើឱ្យអតីតសិស្សនិងនិស្សិតដែលបានសិក្សាចប់ និងនិស្សិតដែលកំពុងសិក្សាមានឱកាសជួបជុំស្គាល់គ្នា ពង្រឹងទំនាក់ទំនង សាមគ្គីភាពគ្នា ចែករំលែកបទពិសោធន៍ និងចំណេះដឹងទៅវិញទៅមក ដោយប្តេជ្ញាចិត្តរួមគ្នាចូលរួមអភិវឌ្ឍវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា។ ការសិក្សារៀនសូត្រចេះចាំស្ទាត់ជំនាញ ហើយយកទៅបង្រៀនចែករំលែកបន្តដល់អ្នកដទៃទៀតគឺជាការបង្កើតធនធានមនុស្សដ៏មានសក្តានុពល៕

Facebook Twitter Google+ LinkedIn Addthis

117

មត្តេយ្យសិក្សា

178

បឋមសិក្សា

207

មធ្យមសិក្សា

2

ឧត្តមសិក្សា

163,072

សិស្សានុសិស្ស

4,487

គ្រូបង្រៀន / នាយក

5,362

ភាគីពាក់ព័ន្ធ