ព័ត៌មាន និងព្រឹត្តិការណ៍
កម្មវិធីចែកសម្ភារអាហារូបករណ៍ដល់សិស្សក្រីក្រ
Date : 2023-12-18គម្រោងសម្ព័ន្ធភាពដើម្បីការអភិវឌ្ឍប្រកបដោយចេរភាពនិងការគាំទ្រសំឡេង ដើម្បីសមធម៌សង្គម (CoSAVED) ក្រោមជំនួយហិរញ្ញប្បទានពីសហភាពអឺរ៉ុប និងសហប្រតិបត្តិដោយអង្គការ Aide et Action (AEA) អង្គការបណ្តុះកុមារ (BK) អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម (BSDA) និងអង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (KAPE) បានរៀបចំកម្មវិធីចែកសម្ភារអាហារូបករណ៍ដល់សិស្សក្រីក្រចំនួន២១៦នាក់ ដែលមកពីសាលារៀនគោលដៅចំនួន៧ ស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។
កម្មវិធីចែកសម្ភារអាហារូបករណ៍នេះមានគោលបំណងជួយសិស្សក្រីក្រមានមធ្យោបាយធ្វើដំណើរទៅសាលា និងមានសម្ភារសម្រាប់សិក្សា។ កម្មវិធីនេះក៏លើកកម្ពស់ការយល់ដឹងដល់ដៃគូអនុវត្តកម្មវិធីអន្តរាគមន៍ដោយសហការគ្នាក្រោមជំនួយរបស់គម្រោង COSAVED នៅតាមតំបន់ឆ្នេរសមុទ្រ ធ្វើយ៉ាងណាដើម្បីកាត់បន្ថយសិស្សបោះបង់ការសិក្សាក្នុងឆ្នាំសិក្សា២០២៣នេះ។
លោកស្រី ឃ្លក មុំ ជាម្តាយរបស់សិស្សអាហារូបករណ៍ម្នាក់បានមានប្រសាសន៍ថា “នាងខ្ញុំពិតជាសប្បាយចិត្ត ដោយសារអង្គការ ខេប បានផ្តល់ជាកង់ដល់កូនរបស់ខ្ញុំបានជិះទៅរៀន។ គ្រួសារនាងខ្ញុំមានការខ្វះខាតណាស់។ វាបានចូលរួមចំណែកកាត់បន្ថយបន្ទុកចំណាយគ្រួសារខ្ញុំ ហើយធ្វើឱ្យកូនខ្ញុំមានភាពងាយស្រួលធ្វើដំណើរទៅសាលារៀន ”។
កម្មវិធីនេះបានជំរុញឱ្យសិស្សក្រីក្រដែលទទួលបានសម្ភារអាហារូបករណ៍មានសេចក្តីសប្បាយរីករាយ និងប្តេជ្ញាចិត្តក្នុងការសិក្សាឱ្យកាន់តែប្រសើរឡើង។ សិស្សឈ្មោះ នី ដាលីន រៀនថ្នាក់ទី៨ បាននិយាយថា “នាងខ្ញុំពិតជាសប្បាយចិត្តណាស់ដែលនាងខ្ញុំទទួលបានកាតាប ប៊ិច និងសៀវភៅ។ នាងខ្ញុំនឹងថែរក្សាសម្ភារទាំងនេះឱ្យបានល្អ និងបន្តទៅប្អូនខ្ញុំទៀត។ នាងខ្ញុំសូមអរគុណចំពោះអង្គការ ខេប ដែលបានជួយចែកជាសៀវភៅ ប៊ិច កាតាប និងសម្លៀកបំពាក់ដល់សិស្សនៅសាលាខ្ញុំ ហើយបានជួយបន្ថយការចំណាយថវិការបស់ខ្ញុំ។ នាងខ្ញុំនឹងប្តេជ្ញាខិតខំប្រឹងប្រែងរៀនសូត្រឱ្យបាននិទ្ទេសល្អ។ ទៅថ្ងៃអានាគត នាងខ្ញុំចង់ក្លាយទៅជាគ្រូបង្រៀនព្រោះខ្ញុំអាចជួយបង្រៀនក្មេងៗជំនាន់ក្រោយឱ្យយល់ដឹងអំពីវប្បធម៌ សាសនា និងចេះគោរពចាស់ទុំ ដោយសារជាចំណូលចិត្តខ្ញុំតាំងពីក្មេង ”។
នេះជាឆ្នាំទី៣ហើយដែលអង្គការ ខេប បានអនុវត្តគម្រោង COSAVED នៅសាលារៀនគោលដៅដោយបានសហការជាមួយមន្ទីរ/ការិយាល័យអប់រំ យុវជន និងកីឡាខេត្ត/ស្រុក ក្នុងការចូលរួមអភិវឌ្ឍសមត្ថភាព និងពង្រឹងភាពដៃគូ ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន។ ជាពិសេសពង្រឹងនូវការផ្តល់សេវាអប់រំ និងការទទួលបានសេវាទឹកស្អាត និងអនាម័យ។
លោក គឺម តាំងណុល ជាអាណាព្យាបាលសិស្ស និងបានចូលរួមក្នុងកម្មវិធីនេះបានមានប្រាសាសន៍ថា “ថ្ងៃនេះ ខ្ញុំបានជូនចៅមកទទួលសម្ភារអាហារូបករណ៍ជាកង់ ដែលបានជួសម្រាលបន្ទុកសិស្សនៅទីនេះ ក៏ដូចជាចៅខ្ញុំ ដូចជា កង់ សៀវភៅ ប៊ិច និងសម្លៀកបំពាក់។ ខ្ញុំនឹងយកចិត្តទុកដាក់ពន្យល់ណែនាំឱ្យចៅខិតខំរៀន និងថែរក្សាកង់នេះឱបានល្អ និងអាចឱ្យប្អូនៗជំនាន់បន្ទាប់ប្រើប្រាស់បានដែរ។ ខ្ញុំសូមអរគុណដល់អង្គការ ខេប និងលោកគ្រូអ្នកគ្រូដែលបានជួយបង្រៀនចៅខ្ញុំក្លាយជាសិស្សល្អ ”។
លោក អ៊ា អ៊ាប នាយកអនុវិទ្យាល័យ ដងពែង ដែលជាតំណាងទទួលកង់២០គ្រឿង កាតាប២៥ សៀវភៅ៣០០ក្បាល សម្លៀកបំពាក់២៥សម្រាប់ និងប៊ិច២៥០ដើម បានមានប្រសាសន៍ថា “ខ្ញុំមានអារម្មណ៍រំភើបសប្បាយរីករាយ ដែលគម្រោងបានផ្តល់សម្ភារអាហារូបករណ៍នេះដល់សិស្សខ្ញុំ ទោះបីក្នុងចំនួនតិច ប៉ុន្តែវាបានចូលរួមជួយសម្រាលទុក្ខលំបាក់ដល់សិស្សក្រីក្រឱ្យមានមធ្យោបាយសម្រាប់ជិះទៅសាលា និងមានសម្ភារៈសិក្សាគ្រប់គ្រាន់ដូចគេ។ ការផ្តល់សម្ភារអាហារូបករណ៍ទាំងនេះជាមធ្យោបាយមួយទាក់ទាញសិស្សមកសាលារៀន និងជំរុញឪពុកម្តាយមកសាលាជួបគ្រូនិងនាយកផងដែរ ”។
លោក យឹម គឹមហ៊ាង ជាមន្ត្រីតំណាងការិយាល័យអប់រំ យុវជន និងកីឡាស្រុកស្រែអំបិល បានមានប្រសាសន៍ថា “ខ្ញុំមានមោទនភាពយ៉ាងខ្លាំងចំពោះអង្គការដៃគូទាំងពីរគឺៈ KAPE និង BSDA ដែលបានយកចិត្តទុកដាក់គាំទ្រចំពោះការជួយជំរុញដល់សាលារៀនលើវិស័យអប់រំ ដោយបានទម្លាក់កញ្ចប់សម្ភារអាហារូបករណ៍ ដូចជា កង់ សម្លៀកបំពាក់ សៀវភៅសរសេរ និងប៊ិចនៅតាមសាលារៀនគោលដៅ និងសាលាដទៃក្នុងដំណើរការកំពុងពង្រីកបន្ថែម ជាពិសេសការចំណាយពេលវេលារបស់ឪពុកម្តាយចូលរួមជាមួយកូនៗទទួលកញ្ចប់សម្ភារៈ និងកង់ ”។
បើក្រឡេកមើលទិន្នន័យរបស់សាលារៀន វានៅតែបង្ហាញចំនួនសិស្សភាគច្រើនងាយទទួលរងគ្រោះដោយសារកត្តាផ្សេងៗគ្នា។ នៅក្នុងនោះ អង្គការ ខេប បានធ្វើការងារយ៉ាងខ្លាំងក្នុងការកសាងសមត្ថភាពគ្រូបង្រៀន និងកម្មវិធីអន្តរាគមន៍ដទៃទៀត ដែលធ្វើឱ្យមានការទទួលស្គាល់ និងពេញចិត្តពីសាលាគោលដៅនីមួយៗ។ ទោះបីថវិកាមានកំណត់ក៏ដោយ ក៏ប្រជាជននៅមូលដ្ឋាន និងអង្គការដៃគូអភិវឌ្ឍដទៃទៀតបានលើកយកសកម្មភាពសាលារៀនជាអាទិភាពចម្បង។
លោក ឡុច ភារុន ជាមន្ត្រីតំណាងឱ្យមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានលើកឡើងថា “ក្នុងនាមតំណាងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត-ស្រុក ខ្ញុំសូមធ្វើការថ្លែងអំណរគុណ និងកោតសរសើរដល់អស់លោក លោកស្រី តំណាងការិយាល័យស្រុក លោកនាយក អង្គការដៃគូ ដែលបានសហការគ្នាយ៉ាងជិតស្និទ ធ្វើយ៉ាងណាឱ្យការអប់រំនៅក្នុងខេត្តរបស់យើងមានភាពល្អប្រសើរ និងគុណភាពស្របតាមគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលមានគោលដៅយុទ្ធសាស្រ្តធ្វើឱ្យមានកំណើនសេដ្ឋកិច្ច បង្កើតការងារឱ្យកាន់តែច្រើន ដោយសម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ បន្តពង្រឹងសមត្ថភាព អភិបាលកិច្ច លើកកម្ពស់គុណភាពស្ថាប័ន រួមទាំងឱ្យមានគុណភាព ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ ការអភិវឌ្ឍធនធានមនុស្សគឺជាបញ្ចកោណទី១ ដែលផ្តោតលើកិច្ចការជាអទិភាពចំនួន៥ រួមមាន៖ ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសលើការលើកកម្ពស់សុខភាព និងសុខមាលភាពប្រជាជន។ ទោះបីសម្ភារៈនេះមានចំនួនតិចក្តី ប៉ុន្តែវាមានតម្លៃខ្លាំងណាស់ក្នុងការជួយសម្រួលការធ្វើដំណើរ ក៏ដូចជាការសិក្សារៀនសូត្រ ”។
គម្រោង CoSAVED បានអនុវត្តវិធីសាស្រ្តរួមជាមួយដៃគូធ្វើឱ្យសហគមន៍នេសាទនៅតាមតំបន់ឆ្នេរសមុទ្របង្កើតបាននូវចំណូលល្អប្រសើរឡើង។ អង្គការ ខេប បានចាប់ដៃគូជាមួយអង្គការ BSDA ដើម្បីបណ្តុះបណ្តាលលើកម្មវិធីអាហារូបករណ៍ និងតម្រូវការចាំបាច់ផ្សេងៗទៀត។ ការផ្តល់កញ្ចប់អាហាររូបករណ៍ និងកង់ដល់សិស្សក្រីក្រពិតជាជះឥទ្ធិពលវិជ្ជមានដល់ការសិក្សា និងការចំណាយប្រចាំថ្ងៃ៕
Link to other Website
អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
- អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)
- គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
- អង្គការពុទ្ធិកុមារ (PKO)
ប្រព័ន្ធផ្សព្វផ្សាយ
- វិទ្យុ និងទូរទស្សន៍អាស៊ីសេរី (RFA)
- សារព័ត៌មានភ្នំពេញប៉ុស្តិ៍
- Khmer Daily News
- ទូរទស្សន៍បាយ័ន (BTV)
- ទូរទស្សន៍ជាតិកម្ពុជា (TVK)
ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសុខាភិបាល (MoH)
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF)
- ក្រសួងមហាផ្ទៃ (MoI)
គេហទំព័រដទៃៗទៀត
117
មត្តេយ្យសិក្សា178
បឋមសិក្សា207
មធ្យមសិក្សា2
ឧត្តមសិក្សា163,072
សិស្សានុសិស្ស4,487
គ្រូបង្រៀន / នាយក5,362
ភាគីពាក់ព័ន្ធ