ព័ត៌មាន និងព្រឹត្តិការណ៍
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការឯកសារបណ្តុះបណ្តាលអក្ខរកម្មឌីជីថលខ្មែរ
Date : 2023-10-23កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០២៣ ក្រសួងអប់រំ យុវជន និងកីឡា ក្រុមហ៊ុន Meta និងអង្គការ ខេប បានសហការគ្នារៀបចំកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ឯកសារបណ្តុះបណ្តាលអក្ខរកម្មឌីជីថលខ្មែរ (KDLP) សម្រាប់ប្រើប្រាស់នៅសាលារៀនជំនាន់ថ្មី ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំ ក្រសួងអប់រំ យុវជន និងកីឡា ដោយមានសមាសភាពអ្នកចូលរួមសរុបចំនួន៥០នាក់ រួមមាន៖ ក្រុមការងារក្រសួងអប់រំ យុវជន និងកីឡា ក្រុមការងារបច្ចេកទេស នាយកសាលា និងគ្រូបង្គោលទាំង១២ដែលមកពីសាលារៀនជំនាន់ថ្មីទាំងប្រាំមួយ តំណាងក្រុមហ៊ុន Meta និងក្រុមការងារអង្គការ ខេប។
កម្មវិធីអក្ខរកម្មឌីជីថលខ្មែរ(KDLP) គឺជាគំនិតផ្តួចផ្តើមមួយរបស់ WeThinkDigital ដែលបង្កើតឡើងដោយក្រុមហ៊ុន Meta (Facebook) ក្នុងឆ្នាំ 2019 ដើម្បីជួយអភិវឌ្ឍជំនាញដែលយើងត្រូវការ ដើម្បីបង្កើតពលរដ្ឋឌីជីថលដែលមានទំនួលខុសត្រូវ ការគិតបែបស៊ីជម្រៅ ការយល់ចិត្តគ្នា និងការសន្ទនាបែបឌីជីថល។ KDLP គឺជាកម្មវិធីរយៈពេលមួយឆ្នាំ ដែលមានគោលបំណងក្នុងការផ្តល់សនិទានភាព និងការធ្វើឱ្យប្រសើរឡើងនូវកម្មវិធីសិក្សា ICT សម្រាប់កម្រិតមធ្យមសិក្សាបឋមភូមិ (ថ្នាក់ទី ៧-៩) នៅក្នុងសាលារៀនជំនាន់ថ្មី (NGS)។ កម្មវិធីនឹងផ្តល់ឱ្យសិស្សនូវជំនាញមូលដ្ឋានគ្រឹះទាក់ទងទៅនឹងអក្ខរកម្មឌីជីថល តាមរយៈការផ្តល់វគ្គបណ្តុះបណ្តាល និងសិក្ខាសាលាដោយប្រើប្រាស់កម្មវិធីសិក្សារបស់ WeThinkDigital។
លោក បណ្ឌិត ហេង ភក្តី ជាប្រធានគោលនយោបាយសារធាណៈប្រចាំនៅកម្ពុជា តំណាងឱ្យក្រុមហ៊ុន មេតា បានមានប្រសាសន៍ថា "ក្រុមហ៊ុនមេតាផ្តោតសំខាន់ទៅលើអក្ខរកម្មឌីជីថល ពីព្រោះវាជាមូលដ្ឋានគ្រឹះដ៏សំខាន់នៅក្នុងបរិបទសម័យអប់រំបែបឌីជីថល នាពេលបច្ចុប្បន្ននេះ។ សិស្សគួរតែទទួលបានបំណិនអក្ខរកម្មឌីជីថល រួចជាស្រេចតាំងពីកម្រិតអនុវិទ្យាទៅ ហើយគាត់អាចយកទៅអនុវត្តនៅកន្លែងការងារ និងចូលរួមអភិវឌ្ឍប្រទេសជាតិ។ ការសហការជាមួយអង្គការ ខេប សម្រាប់ការតាក់តែងឯកសារបណ្តុះបណ្តាលអក្ខរកម្មឌីជីថលខ្មែរ ជាផលសម្រេចបានដ៏សំខាន់មួយ ហើយយើងសង្ឈឹមថា ឯកសារដែលដាក់ឱ្យអនុវត្តសាកល្បងនេះ នឹងប្រមូលធាតុចូលសំខាន់ៗជាច្រើន ដូចជា បញ្ហាប្រឈម ផលលំបាក និងការផ្តល់មតិត្រឡប់ ដើម្បីធ្វើការកែលម្អឱ្យមានលក្ខណៈល្អប្រសើរឡើង ជាពិសេស កម្មវិធីនឹងផលិតឯកសារបន្ថែមក្នុងការពង្រីកវិសាលភាពឱ្យកាន់តែទូលំទូលាយ“។
លោក សៅ វណ្ណា នាយកប្រតិបត្តិអង្គការ ខេប បានមានប្រសាសន៍ថា “ការគាំទ្រពីក្រុមហ៊ុនមេតា ពិតជាបានឆ្លុះបញ្ចាំងពីការចូលរួមយ៉ាងសកម្មនៅក្នុងវិស័យឯកជន ដែលបានជួយគាំទ្រដល់កំណែទម្រង់វិស័យអប់រំ ដើម្បីឆ្លើយតបទៅនឹងទិសដៅសេដ្ឋកិច្ចឌីជីថលកម្ពុជា។ ដូច្នេះ លោកគ្រូអ្នកគ្រូនឹងទទួលបានវិធីសាស្ត្រ និងចំណេះដឹងថ្មីៗបន្ថែមពីឯកសារបណ្តុះបណ្តាលអក្ខរកម្មឌីជីថលខ្មែរ ក្នុងការបង្រៀន និងរៀន ជាពិសេសសិស្សានុសិស្សនឹងទទួលបានចំណេះដឹងអក្ខរកម្មឌីជីថលច្បាស់លាស់មួយសម្រាប់ប្រើប្រាស់ក្នុងសម័យបច្ចេកវិទ្យានេះ”។
លោកជំទាវ គឹម សេដ្ឋានី បានលើកឡើងថា “ក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត វិស័យអប់រំត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយ ក្នុងចំណោមកំណែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្រសួងអប់រំបានយកចិត្តទុកដាក់ និងផ្តោតសំខាន់ទៅលើគុណភាពអប់រំចាប់ពីកម្រិតមត្តេយ្យរហូតដល់មធ្យមសិក្សា ធ្វើយ៉ាងណាបណ្តុះបាននូវបំណិនទន់ បំណិនរឹង អប់រំឥរិយាបថ សុជីវធម៌ និងសីលធម៌ ដើម្បីអាចក្លាយជាពលរដ្ឋពេញលេញ ឬមូលធនមនុស្សសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ ជាពិសេសចំណេះដឹងទាក់ទងនឹងបច្ចេកវិទ្យា (ICT) នេះតែម្តង”។ លោកជំទាវ បានកោតសរសើរ និងអបអរសាទរ ចំពោះក្រុមការងារក្រោមការគាំទ្រដោយក្រុមហ៊ុន មេតា ដែលសម្រេចបានការងារ និងឈានដល់ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ឯកសារបណ្តុះបណ្តាលអក្ខរកម្មឌីជីថលខ្មែរនេះឡើង ដែលជាផ្នែកមួយក្នុងការលើកកម្ពស់ការអប់រំឌីជីថលនៅកម្ពុជា។
ការដាក់ឯកសារឱ្យប្រើប្រាស់នេះ បង្កើនកិច្ចសហការល្អរវាងក្រហ៊ុន Meta ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការ ខេប៕
Link to other Website
អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
- អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)
- គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
- អង្គការពុទ្ធិកុមារ (PKO)
ប្រព័ន្ធផ្សព្វផ្សាយ
- វិទ្យុ និងទូរទស្សន៍អាស៊ីសេរី (RFA)
- សារព័ត៌មានភ្នំពេញប៉ុស្តិ៍
- Khmer Daily News
- ទូរទស្សន៍បាយ័ន (BTV)
- ទូរទស្សន៍ជាតិកម្ពុជា (TVK)
ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសុខាភិបាល (MoH)
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF)
- ក្រសួងមហាផ្ទៃ (MoI)
គេហទំព័រដទៃៗទៀត
117
មត្តេយ្យសិក្សា178
បឋមសិក្សា207
មធ្យមសិក្សា2
ឧត្តមសិក្សា163,072
សិស្សានុសិស្ស4,487
គ្រូបង្រៀន / នាយក5,362
ភាគីពាក់ព័ន្ធ