ព័ត៌មាន និងព្រឹត្តិការណ៍

វគ្គតម្រង់ទិសស្តីពី កម្មវិធីបំណិនជីវិតមូលដ្ឋាននិងទីប្រឹក្សាកុមារី

Date : 2024-05-09
Facebook Twitter Google+ LinkedIn

គម្រោងសម្ពន្ធភាពដើម្បីការអភិវឌ្ឍប្រកបដោយចេរភាពនិងការគាំទ្រសំឡេង ដើម្បីសមធម៌សង្គម (CO-SAVED)  បានផ្តល់វគ្គតម្រង់ទិសស្តីពី កម្មវិធីបំណិនជីវិតមូលដ្ឋាន​និងទីប្រឹក្សាកុមារី ដល់គ្រូបំណិនជីវិត និងគ្រូទីប្រឹក្សា ដែលធ្វើឡើងនៅក្នុងខេត្តកោះកុង និងព្រះសីហនុ ដោយមានសិក្ខាកាមចូលរួមសរុបចំនួន ៣៦នាក់ ស្រី១៩នាក់ កាលពីដើមខែឧសភា ឆ្នាំ២០២៤។

 

វគ្គតម្រង់ទិសនេះ ផ្តោតលើចំណុចសំខាន់ៗដូចខាងក្រោម៖ 

·         ត្រួតពិនិត្យកាលវិភាគបង្រៀន​មុខវិជ្ជាអប់រំ​បំណិន​ជីវិត​តាម​មូលដ្ឋាន និង​សកម្មភាពសម្រាប់​ការ​បង្រៀន និងរៀន​ តាម៦ដំណាក់កាល។

·         ​របៀប​​វាយ​តម្លៃ​លើ​លទ្ធផល​នៃ​ការ​សិក្សា​របស់​សិស្ស​លើ​មុខវិជ្ជា​អប់រំបំណិន​ជីវិត​តាម​មូលដ្ឋាន។

·         កំណត់ប្រភេទកុមារីងាយរងគ្រោះដែលប្រឈមនឹងការបោះបង់ និងកំពុងជួបការលំបាកក្នុងការបន្តការសិក្សា។

·         ជួយគាំទ្រកុមារីទទួលបានសុខមាលភាព និងបង្កើនកិច្ចសហការជាមួយអ្នកពាក់ព័ន្ធ។

·         លើកទឹកចិត្តកុមារីឱ្យទទួលបានសេវាសង្គមដែលបានចូលរួមចំណែកគាំទ្រឱ្យពួកគាត់ទទួលបានការសិក្សាពេញបរិបូរណ៍ក្នុងជីវិត។

 

លោកស្រី អឿន ចន្ទ័នាង គ្រូបន្ទុកថ្នាក់ទី ៧ នៃអនុវិទ្យាល័យស្ទឹងសំរោង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ បានលើកឡើងថា “ ការលើកកម្ពស់យេនឌ័រ ត្រូវតែចាប់ផ្តើមពីថ្នាក់មូលដ្ឋានមុនគេ ជាពិសេសគ្រប់អ្នកពាក់ព័ន្ឋចូលរួមយ៉ាងសកម្ម និងជម្រុញឱ្យមានប្រសិទ្ឋភាព។ មួយវិញទៀត ការលើកទឹកចិត្តកុមារីឱ្យទទួលបានសេវាសុខភាព ជាការចូលរួមចំណែកដែលមិនអាចខ្វះបាន ​ ខ្ញុំពេញចិត្តនឹងកម្មវីធីទីប្រឹក្សាកុមារី វាពិតមានសារៈសំខាន់ខ្លាំង ពីព្រោះជួយឱ្យកុមារីងាយរងគ្រោះទទួលបានការផ្លាស់ប្តូរឥរិយាបថ និងការបោះបង់សិក្សាបានថយចុះ”។

 

ក្នុងឆ្នាំសិក្សា២០២៣-២០២៤ គម្រោង ខូសេវ កំពុងអនុវត្តសកម្មភាពរបស់ខ្លួនក្នុងខេត្តគោលដៅចំនួនបួន រួមមាន៖ កំពត កែប ព្រះសីហនុ និង កោះកុង បន្តភាពជាដៃគូ ជាមួយគ្រប់ភាគីពាក់ព័ន្ធ និងជម្រុញដៃគូអភិវឌ្ឍ រួមចំណែកគា្នដើម្បីជួយកុមារទទួលសេវាអប់រំបានពេញលេញ។

 

គួររម្លឹកថា គម្រោង ខូសេវ មានរយៈពេល ៤​ ឆ្នាំក្នុងការអនុវត្តគម្រោង ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៤ ដោយទទួលហិរញ្ញប្បទានពីសហភាពអឺរ៉ុប មូលនិធិកាតាសម្រាប់អប់រំកុមារ និងអង្គការ អេ អាត់ ស្យុង ដើម្បីធ្វើឱ្យសហគមន៍នេសាទនៅតំបន់ឆ្នេរប្រែក្លាយមានជីវភាពរស់រវើកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋានប្រកបដោយចេរភាពដែលជាការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងសមភាព៕

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

117

មត្តេយ្យសិក្សា

178

បឋមសិក្សា

207

មធ្យមសិក្សា

2

ឧត្តមសិក្សា

163,072

សិស្សានុសិស្ស

4,487

គ្រូបង្រៀន / នាយក

5,362

ភាគីពាក់ព័ន្ធ