សមិទ្ធិផលជោគជ័យ និងគំនិតផ្តួចផ្តើមថ្មី

បំណងប្រាថ្នាជាគ្រូបង្រៀន

Date : 2024-09-20
Facebook Twitter Google+ LinkedIn Addthis

ស្ថានភាពជីវិតក្នុងវ័យអាយុ១៣ឆ្នាំ កំពុងសិក្សានៅថ្នាក់ទី៧នៃអនុវិទ្យាល័យជីពាំង រស់នៅជាមួយសមាជិកចំនួន៣នាក់ក្នុងខ្ទមចាស់មួយស្ថិតនៅក្នុងភូមិមេម៉ៃ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កុមារី ជីន ចរិយា បានប្រើប្រាស់មូតូចាស់មួយសម្រាប់ជិះធ្វើដំណើរទៅសាលារៀនដែលមានចម្ងាយ១០គីឡូម៉ែត្រពីផ្ទះ។ ឳពុកម្តាយរបស់នាងមិនមានមុខរបរច្បាស់លាស់ទេ ពួកគាត់ជាអ្នកដើរស៊ីឈ្នួលជំរះស្មៅ ដកដំឡូង បាញ់ថ្នាំ បេះស្វាយចាន់ទី បេះម្រេច និងរកត្រី ដើម្បីរកចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ។ ពួកគាត់ពិតជាបានខិតខំប្រឹងប្រែងរកស៊ីខ្លាំងណាស់ ទោះបីជាក្រោមកំដៅថ្ងៃ ឬទឹកភ្លៀងក៏ដោយ ក៏ពួកគាត់នៅតែប្តេជ្ញាចិត្តតស៊ូជំនះរាល់ការងារលំបាកៗ ឱ្យតែបានលុយយកមកផ្គត់ផ្គង់គ្រួសារ និងធ្វើឱ្យគោលបំណងកូនស្រីគាត់ដែលចង់ក្លាយជាគ្រូបង្រៀននោះបានសម្រេច។ ចំណូលរបស់ពួកគាត់ពីការងារទាំងនោះទទួលបានមិនជាច្រើនទេ ដែលជាហេតុធ្វើឱ្យកូនស្រីរបស់គាត់ឆ្លៀតយកពេលទំនេរពីការសិក្សាទៅជួយការងារផ្ទះ ទៅជួយស៊ីឈ្នួលបេះម្រេច បេះស្វាយចាន់ទី និងទៅលក់ត្រីឱ្យឳពុកនាង ដើម្បីបានចំណូលបន្ថែមខ្លះៗសម្រាប់ចំណាយក្នុងការសិក្សា។

 

ជាសំណាង ចរិយា ទទួលបានកញ្ចប់អាហារូបករណ៍ពីគម្រោងកុមារកម្ពុជារីករាយ (HCC) ដែលសហប្រតិបត្តិដោយអង្គការ ខេប និងសមាគមគ្រួសារយើង ជាពិសេសនាងទទួលបានថវិកាចំនួន៥០ដុល្លារប្រចាំខែបន្ថែមទៀតពីគ្រួសារប្រធានមូលនិធិគីនចានដើម្បីជួយសម្រួលដល់ការសិក្សារបស់នាង។ ចរិយាគឺជាសិស្សដែលមានទឹកចិត្តតស៊ូមុតមាំ មានឥរិយាបទល្អ គួរជាទីរាប់អាន ឧស្សាហ៍យកចិត្តទុកដាក់រៀនសូត្រ ចេះជួយយកអាសារមិត្តភក្តិ និងជាយុវតីមានការតាំងចិត្តខ្ពស់ក្នុងការសិក្សា ដើម្បីសម្រេចបំណងទៅជាគ្រូបង្រៀនក្នុងថ្ងៃអនាគត។ កុមារី​ ចរិយា ធ្លាប់ធ្វើជាសមាជិកក្រុមប្រឹក្សាកុមារនៅសាលាបឋមសិក្សា មេម៉ៃ ជាសាលាមួយក្នុងចំណោមសាលាគោលដៅរបស់គម្រោង HCC នៅមុនពេលនាងបានប្រឡងជាប់ឡើងថ្នាក់ទី៧ នៃអនុវិទ្យាល័យជីពាំង។

 

ចរិយា បាននិយាយថា “នាងខ្ញុំសប្បាយចិត្តខ្លាំងណាស់ចំពោះទឹកចិត្តលោកយាយ អុលឡា និងលោកតា ហាតមុត ព្រមទាំងលោកគ្រូ សីលា ផងដែរ ដែលព្យាយាមយកចិត្តទុកដាក់ទំនុកបំរ៉ុងចំពោះខ្ញុំដោយផ្តល់ជាថវិកាជារៀងរាល់ខែ ដើម្បីផ្គត់ផ្គង់ដល់ការរៀនសូត្ររបស់ខ្ញុំ។ ខ្ញុំនឹងខិតបំពេញបំណងប្រាថ្នាខ្លួនឯង ហើយខ្ញុំសន្យាថានឹងតាំងចិត្តខិតខំតស៊ូអំណត់ព្យាយាមឱ្យដល់គោលដៅ។ ខ្ញុំនឹងខិតខំព្យាយកែលម្អចំណុចណាដែលខ្វះខាតក្នុងការសិក្សារបស់ខ្ញុំដើម្បីកុំឱ្យលោកយាយ អុលឡា ខកចិត្តចំពោះខ្ញុំ។ ម្យ៉ាងវិញទៀត ដើម្បីអនាគតខ្លួនឯង និងគ្រួសារ ព្រមទាំងចង់តបស្នងសងគុណចំពោះឪពុកម្តាយដែលតែងតែលើកទឹកចិត្តខ្ញុំជានិច្ច ហើយខ្ញុំសូមអរគុណយ៉ាងខ្លាំងចំពោះលោកយាយ អុលឡា លោកតា​ ហាតមុត និងលោកគ្រូ សីលា ផងដែរ។ ដើម្បីសម្រេចគោលបំណងខ្លួនឯងធ្វើជាគ្រូបង្រៀន គឺខ្ញុំនឹងខិតខំព្យាយាមរៀនសូត្រ ស្វែងយល់អំពីភារកិច្ចរបស់គ្រូបង្រៀន ស្វែងរកព័ត៌មាន និងចំណេះដឹងបន្ថែមដើម្បីអភិវឌ្ឍខ្លួនឯង ត្រូវយល់ដឹង និងរកបទពិសោធន៍ថ្មីៗ ដូចជា បង្រៀនប្អូនដែលរៀននៅថ្នាក់ទាបជាងខ្ញុំ ដោយស្វែងរកនូវគុណវិបត្តិ និងគុណសម្បត្តិដែលខ្ញុំនឹងធ្វើនៅពេលអនាគត។ ខ្ញុំនឹងប្តេជ្ញាថានឹងមិនរុញរា ទោះបីជួបឧបសគ្គអ្វីក៏ដោយ ហើយខ្ញុំគិតថាធ្វើអ្វីមួយ ត្រូវជួបឧបសគ្គខ្លះហើយ មិនងាយស្រួលទាំងអស់នោះឡើយ ”។

 

លោក សុខមរ៉ា ដែលជាឪពុករបស់ ចរិយា បានមានប្រសាសន៍ថា “កាលពីដំបូងខ្ញុំគិតថា ខ្ញុំមិនអាចជួយឱ្យកូនខ្ញុំសម្រេចបំណងប្រាថ្នាធ្វើជាគ្រូបង្រៀនបានទេ ព្រោះជីវភាពគ្រួសារខ្ញុំមានការលំបាកខ្លាំង ប៉ុន្តែឥឡូវនេះ ខ្ញុំមានសេចក្តីត្រេកអរខ្លាំងណាស់ ព្រមទាំងមានសង្ឃឹមទៀតផង ដោយសារបានលោកគ្រូអ្នកគ្រូ ជាពិសេសលោកស្រី អុលឡា និងលោក ហាតមុត បានជួយបង្ហាត់បង្រៀន និងឧបត្ថម្ភដល់កូនស្រីខ្ញុំ។ ខ្ញុំនឹងខំដាស់តឿនឱ្យកូនខំរៀន ព្រមទាំងលើកទឹកចិត្តនាងជានិច្ច ធ្វើយ៉ាងណាឱ្យគោលបំណងរបស់នាងបានសម្រេច”។

 

​ចរិយាទទួលបានសម្ភារៈអាហារូបករណ៍ ដូចជា ឯកសណ្ឋានសិស្ស កាតាប ស្បែកជើង សៀវភៅ ប៊ិក សម្ភារៈគណិតវិទ្យា និងសម្ភារៈអនាម័យ ​។ ក្នុងពេលបច្ចុប្បន្ននេះ ជីន ចរិយា មានភាពប្រសើរជាងមុន មានកម្លាំងចិត្តខ្លាំង។ នៅពេលទំនេរ នាងតែងតែយកសៀវភៅអាន និងធ្វើការសិក្សាស្រាវជ្រាវពីឯកសារផ្សេងៗទៀត ដើម្បីឆ្លើយតបនឹងគោលបំណងដែលចង់ក្លាយជាគ្រូបឋមសិក្សាទៅថ្ងៃអនាគត។

 

ក្រុមគោលដៅគម្រោងកុមារកម្ពុជារីករាយ គឺផ្តោតលើកុមារី និងកុមារដែលងាយរងគ្រោះ ធ្វើយ៉ាងណាឱ្យពួកគេមានលទ្ធភាពទទួលបានការអប់រំល្អប្រសើរឡើងនៅក្នុងតំបន់គោលដៅ ជាពិសេសមត្ថភាពអាន និងគណិតវិទ្យារបស់កុមារពីកម្រិតមូលដ្ឋាន។ ដោយឡែក ជីន សុរិយា ជាសិស្សពិសេសម្នាក់ដែលមានភាពក្លាហានគោលបំណងជាក់លាក់ និងតាំងចិត្តខិតខំប្រឹងប្រែងព្យាយាមរៀនសូត្រខ្លាំង ហើយបង្ហាញអត្តសញ្ញាណផ្ទាល់ខ្លួន និងគ្រួសារពិតប្រាកដល់ម្ចាស់គម្រោង HCC ទើបនាងទទួលបាននូវការឧបត្ថម្ភគាំទ្រក្នុងការសិក្សារបស់នាង៕ គម្រោង HCC បានសហប្រតិបត្តិដោយអង្គការ ខេប និងសមាគមគ្រួសារយើង និងបានសហការជាមួយជាមួយគ្រប់អ្នកពាក់ព័ន្ធ និងស្ថាប័នទាំងអស់យ៉ាងរលូន៕

117

មត្តេយ្យសិក្សា

178

បឋមសិក្សា

207

មធ្យមសិក្សា

2

ឧត្តមសិក្សា

163,072

សិស្សានុសិស្ស

4,487

គ្រូបង្រៀន / នាយក

5,362

ភាគីពាក់ព័ន្ធ