សមិទ្ធិផលជោគជ័យ និងគំនិតផ្តួចផ្តើមថ្មី
ការប្រឈមមុខចំពោះអំពើហិង្សាក្នុងគ្រួសារ
Date : 2021-09-16ហេង តេងហ៊ាង គឺជាសិស្សថ្នាក់ទី១០ មកពីវិទ្យាល័យ ហ៊ុន សែន សួង។ នាងមានអាយុ ១៥ឆ្នាំ និងជាកូនទី៣ ក្នុងគ្រួសារមួយមានបងប្អូន ៤នាក់។ ឪពុកម្តាយរបស់នាងប្រកបមុខរបរលក់អីវ៉ាន់នៅទីផ្សារ។
កាលពីមុន ជីវិតនាងរស់នៅក្នុងគ្រួសារមិនដែលបានសប្បាយចិត្ត ឬរីករាយឡើយ ព្រោះឪពុកម្តាយរបស់នាងតែងតែឈ្លោះប្រកែកគ្នា និងប្រើអំពើហឹង្សាលើម្តាយរបស់នាង ទោះបីជាកូនៗព្យាយាមបញ្ឈប់សកម្មភាពរបស់ឪពុកនាងក៏ដោយ ក៏ឪពុកនាងមិនដែលស្តាប់កូនៗដែរ។ នៅពេលខ្លះ វាថែមទាំងបណ្តាលឱ្យកើតមានអំពើហឹង្សាលើកូនៗទៀតផង។ តេងហ៊ាងមានអារម្មណ៍ខ្មាស់អៀន និងតូចចិត្តខ្លាំងណាស់រាល់ថ្ងៃ។ ភាគច្រើននាងមិនមានអារម្មណ៍ចង់ទៅសិក្សាទេ ព្រោះនាងខ្មាស់មិត្តភក្តិ និងអ្នកជិតខាង។
នៅក្នុងថ្ងៃមួយ គ្រូបង្រៀនថ្នាក់នាងបានប្រកាសថា ថ្នាក់នេះត្រូវបានជ្រើសរើសយកកម្មវិធីបំណិនជីវិតមកបង្រៀនដល់ប្ពូនៗ ដែលមានការគាំទ្រពីអង្គការ ខេប។ នាងបានគិតថា នាងមិនអាចចូលរួមកម្មវិធីនេះបានទេ ព្រោះនាងគ្មានអារម្មណ៍ចង់សិក្សាទៀតឡើយ ប៉ុន្តែបន្ទាប់ពីគ្រូរបស់នាងបានពន្យល់អំពីគុណសម្បត្តិនៃកម្មវិធីនេះមក នាងក៏បានសំរេចចិត្តចូលរួមរៀនវិញ។
អស់ពេលមួយរយៈកាលនៃការសិក្សាមុខវិជ្ជាបំណិនជីវិតនេះ នាងបានរៀននូវមេរៀនមួយអំពីអំពើហឹង្សាក្នុងគ្រួសារ ហើយគ្រូរបស់នាងក៏បានពន្យល់លម្អិត ថាតើអំពើហឹង្សាគឺជាអ្វី? ព្រមទាំំងវិធីដោះស្រាយអំពើហឹង្សាប្រកបដោយប្រសិទ្ធភាព។ នាងបានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមេរៀននេះ ហើយនាងបានយកចិត្តទុកដាក់ស្តាប់គ្រូពន្យល់ ព្រោះអ្វីដែលគ្រូរបស់នាងបានបង្រៀនគឺដូចគ្នាទៅនឹងអ្វីដែលកំពុងកើតឡើងនៅក្នុងគ្រួសាររបស់នាងនាពេលនោះ។
ដោយមានការជួយជ្រោមជ្រែងអប់រំណែនាំ និងការបំផុសគំនិតពីគ្រូបានធ្វើឱ្យនាងមានគំនិតមួយថា នាងអាចយកចំណេះដឹងនេះ និងវិធីសាស្រ្តមួយចំនួនទៅអនុវត្តនៅក្នុងគ្រួសារនៅពេលនាងត្រលប់ទៅផ្ទះវិញ។ ដូចតាមការគិតមែន នាងបានប្តេជ្ញាចិត្តថានឹងខិតខំពន្យល់ឪពុករបស់នាងឱ្យបញ្ឈប់ប្រើអំពើហិង្សានៅក្នុងគ្រួសារទៀត។ នាងបាននិយាយទៅកាន់ឪពុកនាងថា “អ្វីដែលលោកឪពុកកំពុងធ្វើគឺជារឿងអាក្រក់ និងធ្វើឱ្យគ្រួសារមានភាពអាម៉ាស់ខ្លាំង ជាពិសេសធ្វើឱ្យអ្នកជិតខាងមើលងាយគ្រួសារយើងបច្ចុប្បន្ននេះ”។ ដំបូង ឪពុករបស់នាងខឹងនឹងនាងខ្លាំងណាស់។ គាត់គិតថា នាងនៅក្មេងពេកមិនអាចដាក់វិន័យមនុស្សចាស់បានទេ។ ទោះបីជាយ៉ាងណាក៏ដោយ នាងមិនបានបោះបង់ការព្យាយាមឡើយ។ នាងបានព្យាយាមជាច្រើនលើកច្រើនសារ ដើម្បីបញ្ចុះបញ្ចូល ពន្យល់ និងអង្វរឪពុកនាងរហូតដល់ថ្ងៃមួយ ឪពុកនាងបានដឹងអំពីកំហុសដែលគាត់បានធ្វើកាលពីអតីតកាល ហើយគាត់គិតថា កូនស្រីរបស់គាត់បានធ្វើរឿងត្រឹមត្រូវ បណ្តាលឱ្យគាត់ព្រមចុះចាញ់ និងបានសូមអភ័យទោសចំពោះកំហុសរបស់គាត់ពីគ្រួសារ ពីកូនៗ និងប្រពន្ធរបស់គាត់។ ឪពុករបស់នាងបានស្បថថា គាត់នឹងឈប់ប្រើអំពើហិង្សាក្នុងគ្រួសារតទៅទៀតហើយ។
ចាប់ពីពេលនោះមកគ្រួសាររបស់នាងរស់នៅដោយសុខសាន្ត ហើយនាងមានសេចក្តីសុខ និងបានទៅសាលារៀនដោយភាពជឿជាក់។ នាងមិនបានភ្លេចថ្លែងអំណរអរគុណចំពោះគ្រូដែលបានបង្រៀននាងរហូតដល់នាងក្លាហាន និងអាចជួយគ្រួសារនាងបាន។ ជាពិសេស នាងបានថ្លែងអំណរគុណដល់កម្មវិធីសិក្សា Gap Inc. P.A.C.E. ដែលបានជ្រើសរើសសាលារបស់នាងដើម្បីអនុវត្តសកម្មភាព និងផ្តល់ចំណេះដឹងជាច្រើនដល់នាងក៏ដូចជាសិស្សដទៃទៀតដែរ៕
117
មត្តេយ្យសិក្សា178
បឋមសិក្សា207
មធ្យមសិក្សា2
ឧត្តមសិក្សា163,072
សិស្សានុសិស្ស4,487
គ្រូបង្រៀន / នាយក5,362
ភាគីពាក់ព័ន្ធ