សមិទ្ធិផលជោគជ័យ និងគំនិតផ្តួចផ្តើមថ្មី
កុមារីងាយរងគ្រោះបានប្តូរពន្លឺមាគ៌ាជីវិតថ្មី
Date : 2023-05-17កុមារីឈ្មោះ អាង រក្សា អាយុ១៣ឆ្នាំ ជាសិស្សថ្នាក់ទី៦ រស់ជានៅជាមួយម្តាយឈ្មោះ កាន់ ស្រីម៉ៅ និងឪពុកឈ្មោះ វន្ត ធាន ក្នុងភូមិជនបទមួយ មានចម្ងាយប្រមាណជា៣គីឡូម៉ែត្រពីសាលាបឋមសិក្សាទួលរកា ស្ថិតក្នុងឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ឪពុកជាកម្មករសំណង់ និងម្តាយជាមេផ្ទះគ្មានមុខរបរជាក់លាក់រកចំណូលបន្ថែមទេ។ រក្សាមានប្អូនស្រីម្នាក់រៀនថ្នាក់ទី២ គ្រួសារនាងគ្មានផ្ទះល្អសមរម្យរស់នៅទេ ព្រោះបច្ចុប្បន្នគ្រួសារទាំងមូលស្នាក់អាស្រ័យនៅជាមួយជីដូនជីតា។ ឪពុករបស់រក្សាជាបុគ្គលទោលក្នុងការរកចំណូលចិញ្ចឹមគ្រួសារ ដែលចំណូលតិចតួចមិនទៀតទាត់ ពេលណាមានសំណង់ធ្វើ ទើបគេហៅទៅធ្វើ ដែលមានការពិបាកយ៉ាងខ្លាំងសម្រាប់ផ្គត់ផ្គង់ការរស់នៅ និងចំណីអាហារដល់គ្រួសារទាំងមូល។ រក្សាបានទៅសាលារៀនមិនទៀងទាត់ឡើយដោយសារមានរោគស្ត្រីប្រចាំកាយ មានធ្លាក់ឈាម និងមានភាពអៀនខ្មាស់មិនហ៊ានប្រាប់ឱ្យឪពុកម្តាយ ឬគ្រូដឹងឡើយ។ នៅពេលឃើញមានធ្លាក់ឈាម ម្តាយនាងក៏តែងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ហើយខានទៅសាលារៀន។
បន្ទាប់ពីមានអន្តរាគមន៍របស់គម្រោងងាយស្រួលរៀន (E2L) ដែលប្រតិបត្តិដោយអង្គការ ខេប ក្រោមជំនួយពីអង្គការឆាលហ្វានកម្ពុជា ម្តាយរបស់នាងទទួលការអញ្ជើញចូលរួមសម្ភាស និងពិគ្រោះយោបល់នៅសាលារៀនស្តីពី ការសិក្សារបស់កូនស្រី ជាពិសេសពាក់ព័ន្ធសុខភាពកុមារីពេញវ័យ ដែលកូនស្រីមិនដែលប្រាប់ការពិតដល់ឪពុកម្តាយ។ ក្រោយមក រក្សាបានទៅសិក្សានៅសាលាបឋមសិក្សាទួលរកា ជាទៀងទាត់ឡើងវិញនូវមុខវិជ្ជាភាសាខ្មែរ គណិតវិទ្យា វិទ្យាសាស្ត្រ សិក្សាសង្គម និងភាសាអង់គ្លេស។ អ្នកគ្រូ ឈឹម ផល្លនារី ទទួលបន្ទុកផ្នែកប្រឹក្សាកុមារី បានលើកឡើងថា “តាមរយៈកម្មវិធីប្រឹក្សាកុមារី យើងអាចជួយកុមារីងាយរងគ្រោះបានច្រើននាក់ពីថ្នាក់ទី៤ដល់ទី៦ ជាពិសេសកុមារី រក្សា លែងអៀនខ្មាស់ដូចមុន។ រាល់ពេលមានបញ្ហា នាងតែងតែមកសួរខ្ញុំ នាងមានវត្តមានមកសាលារៀនទៀងទាត់វិញ កាលពីមុននាងជាប់ចំណាត់ថ្នាក់លេខ១០ បច្ចុប្បន្នជាប់លេខ៩ ”។
កាលពីមុនគម្រោងមិនទាន់ចូលមកអន្តរាគមន៍ រក្សាឧស្សាហ៍អវត្តមានច្រើន ប្រឈមបញ្ហាធ្លាក់ស និងការមករដូវ ឈឺច្រើន អៀនខ្មាស់ មិនហ៊ានប្រាប់ឪពុកម្តាយ មានអាការៈឈឺចុកពោះ មុខស្លេក ខកខានទៅសាលារៀន។ ម្តាយតែងតែសួរនាំ និងជូននាងទៅពេទ្យ រីឯការសិក្សារបស់រក្សាមានការធ្លាក់ចុះ។
ក្រោយពេលគម្រោងដាក់បញ្ចូលកម្មវិធីប្រឹក្សាកុមារី សាលារៀនបានអញ្ជើញអ្នកស្រី ស្រីម៉ៅ ទៅប្រជុំអំពី ការសិក្សានិងបញ្ហាប្រឈមរបស់កូន។ កុមារី រក្សា ក៏ទទួលបានការប្រឹក្សាអំពីបញ្ហាសុខភាព និងការសិក្សារហូតនាងបានផ្លាស់ប្តូរច្រើន ហា៊ននិយាយប្រាប់ការពិត មិនអៀនខ្មាស់ដូចមុន។ នាងបានជាសះស្បើយពីជំងឺ ហើយបានទៅរៀនទៀងទាត់ឡើងវិញ។ លោក លន់ ស៊ីថូ ជានាយកសាលាបឋមសិក្សាទួលរកា បានមានប្រសាសន៍ថា “ខ្ញុំពិតជារីករាយណាស់! វាប្លែកសម្រាប់សាលារបស់ខ្ញុំ ព្រោះពីមុនមកមិនដែលមានកម្មវិធីនេះទេ ហើយសាលាក៏មិនធ្លាប់ធ្វើសកម្មភាពជាមួយកុមារីបែបនេះពីមុនមកដែរ។ ប៉ុន្តែគម្រោងបានឈ្មុសឈ្មុលទាក់ទងសួររកម្តាយ រក្សា ដោយផ្តល់ការគាំទ្រជាថ្លៃធ្វើដំណើរ និងព្យាបាល ហើយបើគម្រោងធ្វើរបៀបនេះដល់កុមារីជាច្រើនទៀត នោះកាន់តែល្អ។ ខ្ញុំឃើញរក្សារៀនសូត្រ ក្លាហាន និងមានសុខភាពល្អជាងមុន ”។
បច្ចុប្បន្ននេះ រក្សាមានភាពសប្បាយរីករាយ លទ្ធផលសិក្សាមានភាពប្រសើរវិញ និងចូលរួមសកម្មភាពផ្សេងៗជាមួយមិត្តភក្រនៅថ្នាក់រៀន ជាពិសេសចេះពិភាក្សាជាមួយឪពុកម្តាយអំពីសុខភាពផ្ទាល់ខ្លួន។ កំពុងអង្គុយដោយទឹកមុខមានក្តីសង្ឃឹមលើកៅអីមុខផ្ទះពូរបស់នាង រក្សាបាននិយាយថា “ឥឡូវនេះ នាងខ្ញុំបានធូរច្រើន និងសប្បាយចិត្តខ្លាំងព្រោះមានអ្នកគ្រូប្រឹក្សាកុមារីជួយផ្តល់កំលាំងចិត្ត។ នៅថ្ងៃអនាគត ខ្ញុំចង់ក្លាយទៅជានគរបាលម្នាក់។ ខ្ញុំនឹងខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានពូកែ ”។
គម្រោង E2L ផ្តល់ឱ្យរក្សានូវកង់ សម្ភារសិក្សា របស់ប្រើប្រាស់ផ្ទាល់ខ្លួន (សាឡីអនាម័យសម្រាប់ការពារពេលមករដូវ និងសាប៊ូដុសដៃជើង) ដល់រក្សា និងបង្កើតសកម្មភាពត្រួតពិនិត្យតាមដាន។ល។ អ្នកស្រី ស្រីមៅ បានមានប្រសាសន៍ថា “ប្រសិនបើគ្មានអ្នកគ្រូប្រឹក្សាកុមារីខាងគម្រោងចុះមកជួយដល់កូនរបស់ខ្ញុំទេ ម្លោះកូនរបស់នាងខ្ញុំមិនបានផ្លាស់ប្តូរល្អប្រសើរដូចបច្ចុប្បន្ននេះទេ ”។
អង្គការ ខេប សម្រេចបានជោគជ័យជាច្រើនលើការប្រតិបត្តិគម្រោងអប់រំដល់កុមារ និងយុវជនរយៈពេលជាង២០ឆ្នាំកន្លងមកនេះ។ អង្គការបានជួយបន្តពង្រឹងគុណភាពគ្រូ និងនាយកសាលា ក្នុងការបង្រៀន ការគ្រប់គ្រងសាលា កម្មវិធីអប់រំបរិយាបន្នសម្រាប់កុមារ និងយុវជននៅក្នុងវិស័យអប់រំ។ អង្គការ ខេប នៅតែបន្តស្វែងរកដៃគូអភិវឌ្ឍន៍ផ្សេងៗ ដែលអាចឆ្លើយតបនឹងតម្រូវការយុវជន និងកុមារដែលងាយរងគ្រោះ។ អង្គការ ខេប បានធ្វើការងារជាមួយអង្គការឆាលហ្វានកម្ពុជា និងដៃគូចម្រុះដទៃទៀត រួមមាន៖ ក្រសួងអប់រំ យុវជន និងកីឡា រដ្ឋាភិបាលថ្នាក់ក្រោមជាតិ សាលារៀន សហគមន៍ អង្គការមិនមែរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធជាច្រើនទៀត។ កុមារី រក្សា ត្រូវការបន្តលើកទឹកចិត្តទាំងកំលាំងកាយ និងស្មារតី ឱ្យគាត់បានសប្បាយចិត្តខំរៀន មានដំណោះស្រាយបញ្ហាសុខភាព និងមានសេចក្តីសង្ឃឹមនៅក្នុងជីវិត៕
117
មត្តេយ្យសិក្សា178
បឋមសិក្សា207
មធ្យមសិក្សា2
ឧត្តមសិក្សា163,072
សិស្សានុសិស្ស4,487
គ្រូបង្រៀន / នាយក5,362
ភាគីពាក់ព័ន្ធ