ព័ត៌មាន និងព្រឹត្តិការណ៍

សិក្ខាសាលាស្ដីពីវិធីសាស្រ្តបង្រៀនថ្មីៗ

Date : 2024-05-16
Facebook Twitter Google+ LinkedIn

ខេត្តក្រចេះ ថ្ងៃទី១០-១១ ខែឧសភា ឆ្នាំ២០២៤៖ គម្រោងងាយស្រួលរៀន (E2L) ដែលទទួលបានការគាំទ្រថវិកាពីអង្គការឆាលហ្វានកូរ៉េតាមរយៈអង្គការឆាលហ្វានកម្ពុជា និងបានប្រតិបត្តិដោយអង្គការ ខេប បានរៀបចំសិក្ខាសាលាស្ដីពីវិធីសាស្រ្តបង្រៀនថ្មីៗលើកទី៣ ឆ្នាំទី៣ រយៈពេលពីរថ្ងៃនៅវិទ្យាល័យ ហ៊ុន សែន សុភបុរៈ ស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ។ សិក្ខាសាលានេះមានគោលបំណងផ្តល់ឱ្យ៖ (១) សិក្ខាកាមដែលជាគ្រូបង្រៀនថ្នាក់ទី១ដល់ទី៣នៅសាលាបឋមសិក្សាគោលដៅទាំង៧ និងសាលាឧបសម្ព័ន្ធចំនួន២មានសមត្ថភាពកាន់តែរឹងមាំសម្រាប់បង្រៀន និងរៀន។ (២) សិក្ខាកាមទទួលបានវិធីសាស្ត្រថ្មីៗ ឆ្លើយតបគោលវិធីសិស្សមជ្ឈមណ្ឌល។ (៣) សិក្ខាកាមយល់ដឹងអំពីការបង្កើតសំណួរលំអៀង និងសំណួរមិនលំអៀង។ (៤) សិក្ខាកាមយល់ដឹងអំពីការបង្កើតកម្រិតសំណួររបស់លោកប្លូម និង​(៥) សិក្ខាកាមយល់ដឹងអំពីរបៀបជួយសិស្សជាប្រព័ន្ធ។

 

អ្នកគ្រូ ផាន ផាន់ណា គ្រូបងៀនថ្នាក់ទី១នៅសាលាបឋមសិក្សាស្វាយចេក បានមានប្រសាសន៍ថា “​នាងខ្ញុំចាប់អារម្មណ៍ខ្លាំងចំពោះការរៀបចំសិក្ខាសាលាដោយអង្គការ ខេប ជាមួយអង្គការឆាលហ្វានកម្ពុជា ស្តីពីវិធីសាស្រ្តបង្រៀន រួមមាន៖ របៀបសរសេរកិច្ចតែងការ របៀបប្រើប្រាស់សំណួរទៅតាមកម្រិតថ្នាក់ តាមទ្រឹស្តី Bloom Taxonomy។ អ្វីដែលថ្មីគឺការបង្រៀនសិស្សបែបមជ្ឈមណ្ឌល ការរៀនបែបសហការ ការបង្រៀន និងរៀនតាមបែបរិះរកជាដើម។ល។ ដែលវីធីទាំងនេះ ខ្ញុំនឹងយកទៅបង្រៀននៅសាលាខ្ញុំ”។

 

គម្រោង E2L បានលើកកម្ពស់គុណភាពនៃការអប់រំបឋមសិក្សាសម្រាប់កុមារទាំអស់នៅស្រុកសំបូរ និងបានពង្រីកដល់ស្រុកអូរគ្រៀងសែនជ័យ។ គម្រោង E2L បានចាប់ផ្តើមដំបូងជាកម្មវិធីសាកល្បងនៅក្នុងឆ្នាំ២០១៥ នៅក្នុងខេត្តស្វាយរៀង ហើយបានឆ្លងកាត់បទពិសោធន៍ជាច្រើនទៅខេត្តផ្សេងៗទៀតដែលមានការរចនាគម្រោងបញ្ចូលគ្នាបណ្តាលឱ្យមានវិធីសាស្ត្រពហុវិមាត្រក្នុងការអភិវឌ្ឍ។ អង្គការ ខេប បានកំពុងបន្តផ្តល់ការគាំទ្របច្ចេកទេសសម្រាប់ការធ្វើម្តងទៀតនៅក្នុងខេត្តក្រចេះចាប់តាំងពីឆ្នាំ២០២១មកដល់ឆ្នាំ២០២៤ ស្របតាមសំណើររបស់អង្គការឆាលហ្វាន។

 

លោក ឡេង សុខនា មន្ត្រីការិយាល័យបឋមសិក្សានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ បានមានប្រសាសន៍ក្នុងអំឡុងម៉ោងសម្រាកពីសិក្ខាសាលាចំនួន១៥នាទីថា “ក្រោយពីគម្រោងបានសហការជាមួយសាលារៀន និងជាមួយការិយាល័យបឋមនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះមក ខ្ញុំមើលឃើញថាមានការអភិវឌ្ឍច្រើន តាំងពីហេដ្ឋារចនាសម្ព័ន្ធ ទាំងវិធីសាស្រ្ត បច្ចេកទេសបង្រៀន ជាពិសេសវគ្គបណ្តុះបណ្តាលផ្នែកបច្ចេកទេសដែលផ្សារភ្ជាប់ទៅនឹងកិច្ចតែងការបង្រៀនតាមទ្រឹស្តីប្លូមដែលមាន៦កម្រិត ដើម្បីឱ្យលោកគ្រូអ្នកគ្រូយកទៅអនុវត្តផ្ទាល់នៅតាមសាលារៀនរបស់ពួកគាត់។ ដើម្បីឱ្យការងារអប់រំនេះទទួលបានជោគជ័យលុះត្រាតែយើងធ្វើចេញពីចិត្តឆន្ទៈ ឱ្យតម្លៃកុមារ និងខ្លួនឯងពិតប្រាកដ”។

 

នៅក្នុងចំណុចទី៣នៃសកម្មភាពសំខាន់ៗទាំង៤របស់គម្រោង គឺការកសាងសមត្ថភាពទូទៅ ដែលក្នុងនោះគម្រោងបានរៀបចំបើកវគ្គបណ្តុះបណ្តាលស្ដីពី ICT ក្នុងវិស័យអប់រំ និងជំនួយបច្ចេកទេសផ្ដល់ដល់លោកគ្រូអ្នគ្រូ នាយកសាលា និងបុគ្គលិកពាក់ព័ន្ធ ដើម្បីប្រើប្រាស់ ICT ក្នុងដំណើរការសិក្សា។ គម្រោងក៏បានផ្តល់ការបណ្តុះបណ្តាលគ្រូ និងអ្នកគ្រប់គ្រងសាលាក្នុងវិធីលើកកម្ពស់អក្ខរកម្ម និងលេខនៅថ្នាក់ដំបូង ហើយពង្រឹងប្រព័ន្ធក្នុងសាលរៀន​ ដើម្បីដោះស្រាយការបោះបង់ការសិក្សា។ ជាពិសេស ការធ្វើតេស្តវាយតម្លៃ​ (ឧទាហរណ៍ ការធ្វើតេស្តដំណាក់) និងការវាយតម្លៃជាទៀងទាត់ ដែលបង្ហាញនូវដំណើរការវឌ្ឍនភាពបង្រៀន និងការសិក្សាសិស្ស។

 

លោក ងិន បូរី គ្រូបង្រៀនទទួលបន្ទុកក្រុមប្រឹក្សាកុមារ និងជាលេខានាយកសាលាបឋមសិក្សារលួស ដែលបានចូលរួមក្នុងវគ្គសិក្ខាសាលានេះក៏បានបង្ហាញអំពីទស្សនៈផ្ទាល់ខ្លួនថា “ខ្ញុំបានចូលរួមបញ្ចេញមតិយោបល់នៅក្នុងសិក្ខាសាលា ហើយខ្ញុំបានយល់ដឹងច្រើនបន្ថែមទៀតទាក់ទងទៅនឹងដំណើរវិវត្តន៍របស់កុមារពាក់ព័ន្ធនឹងការប្រែប្រួលរាងកាយ បញ្ញាស្មារតី និងចំណេះដឹង។ ការប្រែប្រួលរបស់កុមារពីអាយុ១ឆ្នាំទៅ៤ឆ្នាំ ពី៤ឆ្នាំទៅ៦ឆ្នាំ និងពី៦ឆ្នាំទៅ១១ឆ្នាំ ជាពិសេសការបង្រៀនកុមារថា តើយើងបង្រៀនគួរប្រើពាក្យពេចន៍បែបណាឱ្យស្មើតួអក្សរ និងតម្លៃលេខ។ ឧទាហរណ៍ អក្សរ គឺយើងឱ្យកុមាររក ឱ្យបានបីដង មានន័យថា គាត់ស្គាល់ទាំងអក្សរផង និងតម្លៃលេខនៃតួអក្សរផង។ ចំណុចមួយទៀត គឺការប្រើប្រាស់ពាក្យពេចន៍នៅក្នុងការសរសេរកិច្ចតែងការ ដូចជា វិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា ហើយនៅក្នុងចំណុចទាំងបីនេះ គេចែកចេញជា៣ចំណុចសំខាន់ៗទៀត”។

 

លទ្ធផលសិក្ខាសាលាលើកទី៣នៅថ្ងៃនេះបានផ្តល់នូវវិធីសាស្រ្តបង្រៀនថ្មីៗ ដូចជា ការរៀបចំសរសេរកិច្ចតែងការបង្រៀន ការប្រើប្រាស់ទ្រ្តឹស្តីប្លូមតាក់សូណូមី ការសិក្សាបែបរិះរក និងការសិក្សាបែបសហការ។ អ្វីដែលសំខាន់សម្រាប់គ្រូបង្រៀនថ្នាក់ទី១ដល់ទី៣ គឺការបង្រៀនកុមារឱ្យស្គាល់ឈ្មោះខ្លួនឯង ស្គាល់សមាជិកគ្រួសារ ស្គាល់យប់និងថ្ងៃ ស្គាល់ភ្លើង ស្គាល់អ្វីដែលអាចបរិភោគ ចេះប្រើប្រាស់ស្លាបព្រាដោយខ្លួន​ឯង ចេះស្លៀកពាក់ខ្លួនឯង ចេះរាប់ដល់១០០ ចេះសំពះ ចេះរាប់លេខដល់១០ ចេះអានអក្សរក្រម ចេះសរសេរអក្សរបានខ្លះ ចេះសរសេរប្រយោគបានខ្លះ ចេះអានរឿងបានខ្លះ និងចេះរាប់វគ្គដល់១០។

 

អ្នកគ្រូ ភា គន្ធី នាយិកាសាលាបឋមសិក្សាសណ្តាន់១ បានមានប្រសាសន៍ថា “បន្ទាប់ពីគម្រោង E2L ចូលមកដល់សាលារៀននាងខ្ញុំ លោកគ្រូអ្នកគ្រូ និងនាងខ្ញុំបានចូលរួមវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ជាពិសេសសិក្ខាសាលាស្តីពីវិធីសាស្រ្តបង្រៀនថ្មីៗរយៈ២ថ្ងៃនេះ។ ពួកគាត់មានការយល់ដឹងច្បាស់អំពីការប្រើប្រាស់សំណួរទៅលើសិស្ស វីធីផលិតសម្ភារឧបទ្ទេស ធ្វើឱ្យទាក់ទាញពីសំណាក់ឪពុកម្តាយ និងអាណាព្យាបាល ការបង្កើតគណៈកម្មការថ្នាក់រៀន។ ចំណែកលទ្ធផលសិក្សានៅក្នុងឆ្នាំសិក្សានេះវិញ សិស្សរបស់នាងខ្ញុំទទួលបាននិទ្ទេស A និង B ច្រើនជាងឆ្នាំមុន។ នេះក៏ដោយសារគ្រូៗរបស់នាងខ្ញុំបានរិះរកនូវវិធីសាស្ថ្រថ្មីៗ ធ្វើឱ្យសិស្សឆាប់ចេះចាំ មាន១ម៉ោងចូលបណ្ណាល័យ និងម៉ោងក្រោយៗទៀតគឺសិស្សចូលបណ្ណាល័យដោយសេរី ហើយបានផ្សព្វផ្សាយឱ្យឪពុកម្តាយមកខ្ចីសៀវភៅ និងថាប្លែតពីបណ្ណាល័យទៅបង្រៀនកូននៅផ្ទះបន្ថែមទៀត។ នាងខ្ញុំសុំឱ្យមានវគ្គបណ្តុះបណ្តាលស្ដីពីវិធីសាស្រ្តបង្រៀន និងដឹកនាំសាលាថ្មីៗបន្ថែមទៀត។ ខ្ញុំស្នើឱ្យក្រសួងអប់រំ យុវជន និងកីឡា មេត្តាជួយផ្តល់សៀវភៅជំនួយសិក្សាគោលថ្នាក់ទី១និងទី២។ នាងខ្ញុំបានធ្វើកិច្ចការជាមួយឪពុកម្តាយសិស្សរួចហើយ ប៉ុន្តែពួកគាត់មានការត្អូញត្អែចំពោះការទិញសៀវភៅផង និងការចូលរួមអភិវឌ្ឍសាលាបន្ថែមទៀត”។

 

គម្រោង E2L ត្រូវបានគាំទ្រហិរញ្ញប្បទានដោយអង្គការឆាលហ្វានកូរ៉េតាមរយៈអង្គការឆាលហ្វានកម្ពុជា និងប្រតិបត្តិដោយអង្គការ ខេប។ គម្រោងមានផែនការរៀបចំសិក្ខាសាលារួមគ្នាម្ដងក្នុង១ឆ្នាំ ដើម្បីធ្វើការឆ្លុះបញ្ចាំងអំពីប្រសិទ្ធភាពអនុវត្តការងារបង្រៀនរបស់គ្រូ និងការដឹកនាំរបស់នាយកសាលា រកដំណោះស្រាយចំពោះបញ្ហាដែលកើតមាន និងលើកទិសដៅអនុវត្តនៅពេលខាងមុខទៀត។ ការរៀបចំសិក្ខាសាលានេះពិតជាបានធ្វើឱ្យសម្រេចគោលបំណងរបស់គម្រោង គឺការលើកកម្ពស់គុណភាពនៃការអប់រំបឋមសិក្សាសម្រាប់កុមារទាំងអស់នៅស្រុកសំបូរ ហើយពង្រីកទៅស្រុកអូរគ្រៀងសែនជ័យបន្តទៀត៕

 

#E2L #kapeproject

 

 

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

117

មត្តេយ្យសិក្សា

178

បឋមសិក្សា

207

មធ្យមសិក្សា

2

ឧត្តមសិក្សា

163,072

សិស្សានុសិស្ស

4,487

គ្រូបង្រៀន / នាយក

5,362

ភាគីពាក់ព័ន្ធ