News & Events
ដំណើរទស្សនកិច្ចសិក្សាលោកគ្រូអ្នកគ្រូទៅកាន់សាលាបឋមសិក្សាឡំ
Date : 2023-06-27គម្រោងកុមារកម្ពុជារីករាយ (HCC) បានរៀបចំទស្សនកិច្ចសិក្សាដល់លោកគ្រូអ្នកគ្រូទៅកាន់សាលាបឋមសិក្សាឡំ ដើម្បីស្វែងយល់ពីបទពិសោធន៍របស់សាលារៀនគោលដៅរបស់គម្រោង។ ដំណើរទស្សនកិច្ចនេះ មានអ្នកចូលរួមសរុបចំនួន ៧៩ នាក់ រួមមាន៖ មន្ទីរ-ការិយាល័យអប់រំ យុវជន និងកីឡាខេត្ត-ស្រុក នាយក នាយិកា និងលោកគ្រូអ្នកគ្រូដែលមកពីសាលារៀនគោលដៅចំនួនដប់មួយក្នុងខេត្តរតនគិរី។
ដំណើរទស្សនកិច្ចនេះ ធ្វើឡើងនៅថ្ងៃទី១៦-១៧ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីសិក្សារៀនសូត្រពីបទពិសោធន៍សាលារៀនដែលបានអនុវត្តកម្មវិធីសាលាកុមារមេត្រីល្អ ឆ្លើយតបនឹងគោលនយោបាយក្រសួងអប់រំ៖ ១)ការគ្រប់គ្រងសាលារៀន ២)ការចូលរួមរបស់សហគមន៍ ៣)ការរៀបចំថ្នាក់រៀន ៤)វិធីសាស្ត្របង្រៀន ៥)ការរៀបចំបរិស្ថានសាលារៀន ៦)បំណិនជីវិត ៧)ការដឹកនាំ និងដំណើរការក្រុមប្រឹក្សាកុមារ។
លោកស្រី តុង បូតេ អនុប្រធានការិយាល័យអប់រំស្រុកបរកែវ បានមានប្រសាសន៍ថា “សូមកោតសរសើរចំពោះគម្រោងកុមារកម្ពុជារីករាយរបស់អង្គការ ខេប ដែលបានរៀបចំកម្មវិធីទស្សនកិច្ចសិក្សានេះឡើង វាពិតជាមានសារសំខាន់ណាស់ ពីព្រោះយើងបានស្វែងយល់នូវអ្វីដែលថ្មីៗ និងបានចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក រួមទាំងគន្លឹះអភិវឌ្ឍន៍សាលារៀន។ មិនតែប៉ុណ្ណោះ អ្នកចូលរួមបានឃើញដោយផ្ទាល់ពីភាពជោគជ័យ ដើម្បីធ្វើការកែលម្អនូវចំណុចខ្វះខាតខ្លួនឯងបន្ថែមទៀត និងសង្ឃឹមថា សកម្មភាពនេះ នៅតែមានជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ”។
តាមរយៈដំណើរទស្សនកិច្ចសិក្សានេះ បានផ្តល់ឱកាសឱ្យអ្នកចូលរួមបានរៀនសូត្រអ្វីដែលថ្មីៗ និងទទួលបានចំណេះដឹង និងបទពិសោធន៍ល្អៗដោយមើលឃើញផ្ទាល់ គឺប្រសើរជាងការរៀនពីសៀវភៅ ឬតាមរយៈការចែករំលែក ហើយវានឹងជួយបណ្តុះគំនិតល្អៗដល់អ្នកចូលរួមដើម្បីកែលម្អពីវិធីសាស្រ្តបង្រៀន និងរៀនរបស់ខ្លួន ឱ្យមានភាពល្អប្រសើរឡើងនៅក្នុងថ្នាក់រៀនជាក់ស្តែង។
គម្រោងកុមារកម្ពុជារីករាយ ទទួលហិរញ្ញប្បទានពីមូលនិធីគីនឆាន់ ដើម្បីកែលម្អសមត្ថភាពគ្រប់គ្រងដៃគូនៅមូលដ្ឋាន បង្កើនលទ្ធភាពទទួលបានសេវាអប់រំ និងគុណភាពបង្រៀន និងរៀន ក៏ដូចជាការផ្សព្វផ្សាយនៅតាមសហគមន៍៕
Link to other Website
International NGOs
Local NGOs
Media
Ministries of Royal Government of Cambodia
- Ministry of Education, Youth and Sport (MoEYS)
- Ministry of Health (MoH)
- Ministry of Economy and Finance (MoEF)
- Ministry of Interior (MoI)
Other links
117
Preschool(s)178
Primary Schools207
High Schools2
Higher Education Institutions163,072
Students4,487
Teachers/Directors5,362
Stakeholders