News & Events
កិច្ចពិភាក្សាស្ដីពីការលើកកម្ពស់ អភិបាលកិច្ចល្អសម្រាប់សង្គមស៊ីវិល
Date : 2013-09-30គណៈកម្មាធិការសហប្រតិបត្តិការដើម្បី~កម្ពុជា (CCC) បានរៀបចំកិច្ចពិភាក្សាមួយនៅថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០១៣ ស្ដីពីការលើកកម្ពស់អភិបាលកិច្ចល្អសម្រាប់អង្គការសង្គមស៊ីវិលនៅកម្ពុជា។~ ក្នុងពេលជាមួយគ្នាអង្គការសង្គមស៊ីវិលមួយចំនួនត្រូវបានប្រគល់វិញ្ញាបនបត្រអភិបាលកិច្ចនិងការអនុវត្តប្រកបដោយវិជ្ជាជីវៈ ជី.ភី.ភី (GPP) សម្រាប់ឆ្នាំ១០២៣។
កិច្ចពិភាក្សាតុមូលពហុភាគីពាក់ព័ន្ធស្ដីពីអភិបាលកិច្ចល្អសម្រាប់អង្គការសង្គមស៊ីវិលបានផ្តោតជាពិសេសលើសារសំខាន់និងការរួមចំណែកនៃវិញ្ញាបនបត្រអភិបាលកិច្ចនិងការអនុវត្តប្រកបដោយវិជ្ជាជីវៈជី.ភី.ភីក្នុងការអភិវឌ្ឍសង្គមកម្ពុជា។
វិញ្ញាបនបត្រអភិបាលកិច្ចនិងការអនុវត្តប្រកបដោយវិជ្ជាជីវៈត្រូវបានបង្កើតឡើងដោយគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជានៅឆ្នាំ២០០៤ក្នុងគោលបំណងដើម្បីលើកកម្ពស់អភិបាលកិច្ចល្អគណនេយ្យភាព និងការអនុវត្តប្រកបដោយវិជ្ជាជីវៈក្នុងអង្គការសង្គមស៊ីវិលតាមរយៈប្រព័ន្ធវិញ្ញាបនបត្រស្ម័គ្រចិត្ត (VCS)។
ប្រព័ន្ធវិញ្ញាបនបត្រស្ម័គ្រចិត្តគឺជាប្រព័ន្ធដែលប្រើប្រាស់ក្រមនៃគោលការណ៍ជាសីលធម៌និងបទដ្ឋានអប្បបរមាសម្រាប់អង្គការមិនមែនរដ្ឋាភិបាលនៅក្នុងប្រទេសកម្ពុជាដើម្បីវាយតម្លៃពីអភិបាលកិច្ចល្អនិងការអនុវត្តប្រកបដោយវិជ្ជាជីវៈរបស់អង្គការក្រៅរដ្ឋាភិបាល។
ជាគោលការណ៍ដើម្បីអោយអង្គការមួយទទួលបានវិញ្ញាបនបត្រអភិបាលកិច្ចនិងការអនុវត្តប្រកបដោយវិជ្ជាជីវៈអង្គការនីមួយៗត្រូវអនុវត្តតាមបទដ្ឋានដែលបានកំណត់ដូចជាអង្គការត្រូវបង្ហាញទស្សនៈវិស័យបេសកកម្ម និងតម្លៃអោយពិតប្រាកដត្រូវមានអភិបាលកិច្ច ដូចជាក្រុមប្រឹក្សាភិបាលត្រូវមានទំនាក់ទំនងល្អផ្នែកខាងក្រៅត្រូវបង្ហាញពីការគ្រប់គ្រងហិរញ្ញវត្ថុអោយច្បាស់លាស់ត្រូវមានគណនេយ្យភាព និងតម្លាភាពត្រូវមានការធានាគុណភាពនិងត្រូវមានការគ្រប់គ្រងធនធានមនុស្សអោយបានល្អជាដើម។ជាការវាយតម្លៃអង្គការត្រូវទទួលបានពិន្ទុ ៩២,៥% ឡើងទៅទើបអាចទទួលវិញ្ញាបនបត្របាន។
ថ្លែងទៅកាន់អ្នកចូលរួមប្រមាណជា១០០នាក់ លោកស្រី ប៉ែន មនោរម្យសមាជិកនៃគណៈកម្មាធិការអនុម័តក្នុងការអនុវត្តក្រមនិងជានាយិការងនៃអង្គការខាណា (KHANA) និយាយថាប្រព័ន្ធវិញ្ញាបនបត្រស្ម័គ្រចិត្តត្រូវបានបង្កើតឡើងដើម្បីធ្វើយ៉ាងណាអោយសង្គមស៊ីវិលទាំងអស់នៅកម្ពុជាមានការទទួលខុសត្រូវនិងធ្វើការងារប្រកបដោយវិជ្ជាជីវៈមានគណនេយ្យភាព និងមានតម្លាភាពលើការងារជាដើមហើយដើម្បីអោយអង្គការទទួលបានវិញ្ញាបនបត្រពីប្រព័ន្ធមួយនេះអង្គការត្រូវធ្វើតាមគោលការណ៍ដែលបានកំណត់។
លោកស្រី ប៉ែនមនោរម្យ៖ «សង្គមស៊ីវិលដែលទទួលវិញ្ញាបនបត្រហ្នឹងក្រមរបស់យើងបានចែង ៧-៨ចំណុចគឺយើងមានលក្ខណៈគ្រប់ជ្រុងជ្រោយទាំងអស់បានយើងប្រគល់វិញ្ញាបនបត្រហ្នឹងអោយហើយនៅក្នុងក្រមហ្នឹងយើងបានចែងច្បាស់អំពីអ្វីខ្លះដែលនៅក្នុងហ្នឹងយើងមានអ្នកទទួលខុសត្រូវហើយរបាយការណ៍បញ្ជាក់ពីអ្វីខ្លះហើយក្រុមគោលដៅរបស់យើងជានរណា ក្នុងហ្នឹងយើងមានចែងទាំងអស់»។
ទោះបីជាយ៉ាងណាក៏ដោយលោកស្រី មនោរម្យបានផ្ដាំផ្ញើអង្គការដែលបានទទួលវិញ្ញាបនបត្ររួចហើយគួរបន្តអនុវត្តអោយបានល្អបន្ថែមទៀតដើម្បីបង្ហាញភាពស្អាតស្អំរបស់ខ្លួនអោយម្ចាស់ជំនួយនិងដៃគូអភិវឌ្ឍន៍បានឃើញហើយនាយកអង្គការគួរតាមដានការអនុវត្តរបស់បុគ្គលិកថ្នាក់ក្រោមអោយបានខ្ជាប់ខ្ជួន។
លោក សៅ វណ្ណានាយកអង្គការ KAPE នៅខេត្តកំពង់ចាមដែលបានទទួលវិញ្ញាបនបត្រអភិបាលកិច្ចនិងការអនុវត្តប្រកបដោយវិជ្ជាជីវៈនៅឆ្នាំ២០១២បាននិយាយថាបន្ទាប់ពីអង្គការរបស់លោកទទួលបានវិញ្ញាបនបត្រវាធ្វើអោយអង្គការរបស់លោកមានភាពរឹងមាំផ្ទៃក្នុងដោយសារតែមានគោលនយោបាយល្អហើយបុគ្គលិកគ្រប់ជាន់ថ្នាក់យល់ច្បាស់ពីគោលដៅរបស់អង្គការ។ហើយកត្តានេះហើយទើបនាំអោយពួកគេប្រឹងប្រែងធ្វើការដើម្បីឆ្លើយតបតាមគោលការណ៍ដែលបានកំណត់។ លោកថាវិញ្ញាបនបត្រក៏ចូលរួមចំណែកច្រើននៅពេលអង្គការដាក់ពាក្យស្នើសុំថវិកាពីម្ចាស់ជំនួយផងដែរ។
លោក សៅ វណ្ណា៖ «យើងក្រឡេកមើលទៅខាងក្រៅផ្នែកទំនាក់ទំនងជាមួយបណ្ដាម្ចាស់ជំនួយ (Donors) គេមានចំណាប់អារម្មណ៍ជាមួយយើងខ្លាំងអាហ្នឹងវាជាភស្តុតាង (Evidence) មួយ ពីមុនយើងគ្រាន់តែប្រាប់គេថាខ្ញុំខ្លាំងណាស់យើងអត់មានស្អីសម្រាប់វាស់វែងខ្លួនឯងទេតែបច្ចុប្បន្ន ខ្ញុំគិតថាវាជាឱកាសមួយវាអាចវាស់វែងបាននៅពេលយើងទទួលបានវិញ្ញាបនបត្រ (Certificate) ហើយម្ចាស់ជំនួយគេក៏ទទួលស្គាល់ វាក្រដាសមួយសន្លឹកតែវាមានសារសំខាន់រៃអង្គាសជំនួយ (Fund) វាមានសារសំខាន់តែកាលណាយើងប្រគល់ (Submit) ទៅ វាកម្រធ្លាក់ Short list»។
កន្លងមកអង្គការសង្គមស៊ីវិលតែងជំរុញអោយរដ្ឋាភិបាលមានអភិបាលកិច្ចល្អបំបាត់អំពើពុករលួយ មានគណនេយ្យភាពនិងតម្លាភាពជាដើម។រដ្ឋាភិបាលក៏ធ្លាប់បានលើកឡើងថាអង្គការសង្គមស៊ីវិលមួយចំនួនក៏បានប្រព្រឹត្តអំពើពុករលួយបក្ខពួកនិងគ្រួសារនិយមថែមទៀតផង។
លោក ប៊ុត ជិប្រធានការិយាល័យសម្របសម្រួលគម្រោងអភិបាលកិច្ចល្អមូលដ្ឋាននៃក្រសួងមហាផ្ទៃ បានអោយដឹងថាក្រសួងព្យាយាមស្វែងរកចំណុចរួមមួយដើម្បីធ្វើការងារអភិបាលកិច្ចជាមួយអង្គការសង្គមស៊ីវិលហើយក្រសួងមហាផ្ទៃទទួលស្គាល់ពីសារសំខាន់នៃតួនាទីរបស់អង្គការសង្គមស៊ីវិលក្នុងការចូលរួមអភិវឌ្ឍសង្គមកម្ពុជា។លោកថា អង្គការសង្គមស៊ីវិលអាចដើរតួនាទីជាអ្នកឃ្លាំមើលការអនុវត្តរបស់អាជ្ញាធរប្រសិនបើសង្គមស៊ីវិលជាស្ថាប័នស្អាតស្អំពិតប្រាកដ។
លោក ប៊ុត ជិ៖ «នឹងអាចមានអំណះអំណាងហើយអាចអោយខាងអាជ្ញាធរមូលដ្ឋានទទួលយកនោះនៅពេលដែលយើងអាចបញ្ជាក់ថាខ្ញុំមកពីអង្គការសង្គមស៊ីវិលមួយដែលមានការវាយតម្លៃថា ខ្ញុំជាស្ថាប័នស្អាតហើយជាស្ថាប័នដែលបានគេគោរពហើយមានអភិបាលកិច្ចល្អហើយគាត់នឹងអាចមិនទទួលយក ហើយប្រសិនបើគាត់បានព័ត៌មានថាយើងជាស្ថាប័នអត់ប្រសើរមួយផង ហើយបើចាំអង្គុយថាអោយគាត់ពិបាកអោយគាត់ទទួលយក»។
រហូតមកដល់បច្ចុប្បន្ននេះមានអង្គការចំនួន ៤៦ ហើយដែលទទួលបានវិញ្ញាបនបត្រ ជី.ភី.ភី។ សម្រាប់ឆ្នាំ២០១៣មានអង្គការចំនួន៩ត្រូវទទួលបានវិញ្ញាបនបត្ររួមមានអង្គការសកម្មភាពព្រះពុទ្ធសាសនា ដើម្បីអភិវឌ្ឍន៍សង្គមអង្គការកម្ពុជា អប់រំនិងថែទាំជំងឺអេដស៍ អង្គការសម្ព័ន្ធភាពសកម្មដើម្បីកសាងជនបទឡើងវិញ អង្គការ វី.អែស.អូ (VSO) ប្រចាំប្រទេសកម្ពុជាអង្គការភូមិខ្ញុំ អង្គការ អេស៊ាន អៅរិច ខេមបូឌា (Asean Outreach Cambodia) អង្គការមូលនិធិសិទ្ធិកុមារអង្គការទ្រទ្រង់កសិករជនបទនិងវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា។
ក្នុងចំណោមអង្គការទាំង៩ នេះអង្គការទ្រទ្រង់កសិករជនបទនិងវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជាបន្តទទួលបានវិញ្ញាបនបត្រក្នុងអាណត្តិបីឆ្នាំថ្មីនេះ៕
Link to other Website
International NGOs
Local NGOs
Media
Ministries of Royal Government of Cambodia
- Ministry of Education, Youth and Sport (MoEYS)
- Ministry of Health (MoH)
- Ministry of Economy and Finance (MoEF)
- Ministry of Interior (MoI)
Other links
117
Preschool(s)178
Primary Schools207
High Schools2
Higher Education Institutions163,072
Students4,487
Teachers/Directors5,362
Stakeholders