News & Events

ការបង្ហាញលទ្ធផលរបស់គម្រោងកុមារកម្ពុជារីករាយ ទៅដល់ភាគគីពាក់ព័ន្ធទាំងអស់

Date : 2023-07-03
Facebook Twitter Google+ LinkedIn

គម្រោងកុមារកម្ពុជារីករាយ (HCC) គឺជាគម្រោងដែលធ្វើការផ្តោតសំខាន់ លើការអភិវឌ្ឍសមត្ថភាពកុមារមត្តេយ្យសិក្សា ដើម្បីមានសមត្ថភាពមូលដ្ឋានអាចបន្តរៀន នៅបឋមសិក្សាប្រកបដោយសក្តានុពល និងប្រសិទ្ធភាពខ្ពស់។ ជារៀងរាល់ឆ្នាំ គម្រោងតែងតែរៀបចំវគ្គសិក្ខាសាលាស្តីពី ការបង្ហាញលទ្ធផលរបស់គម្រោងទៅដល់ភាគគីពាក់ព័ន្ធទាំងអស់ពីផលសម្រេចបាន បញ្ហាប្រឈម និងពង្រឹងសមត្ថភាពលើផែនការអភិវឌ្ឍសាលារៀន។

 

សិក្ខាសាលានេះ មានគោលបំណងបង្ហាញពីលទ្ធផលនៃការអនុវត្តគម្រោងកុមារកម្ពុជារីករាយ ជូនដល់មន្ទីរអប់រំ យុវជន និងកីឡាក្នុងខេត្តគោលដៅចំនួន៥ រួមមាន៖ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តរតនគិរី​ និងខេត្តសៀមរាប និងចែករំលែកផែនការគម្រោងសម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ និងផែនការត្រូវអនុវត្តបន្ត ដើម្បីដោះស្រាយបញ្ហាប្រឈមនានា។

 

គម្រោងបានបង្ហាញពីសមិទ្ធផលនៃការចូលរួមចំណែកក្នុងការអភិវឌ្ឍសាលារៀនគោលដៅរួមមាន៖ កែលម្អផែនទីសិក្សា ការគ្រប់គ្រងទិន្នន័យព័ត៌មាន កែលម្អបណ្ណាល័យផ្សាភ្ជាប់សកម្មភាពអំណាន(អំណានថ្នាក់ដំបូង) បណ្តុះបណ្តាលគ្រូបង្រៀន (រួមទាំងគ្រូកិច្ចសន្យា) រៀបចំកម្មវិធីបំណិនជីវិតនៅក្នុងសាលារៀន ​(ទន់ និងរឹង)កែលម្អថ្នាក់រៀនរួមបញ្ចូលទាំងការជួសជុលបន្ទប់រៀន ផ្តល់សម្ភាៈរជំនួយសម្រាប់ការរៀន និងបង្រៀន ផ្តល់អំណោយដល់សាលាតាមរយៈផែនការសាលារៀន ពង្រឹងសមត្ថភាពគណៈកម្មការសាលារៀន អ្នកថែទាំ និងចុងភៅ លើកកម្ពស់សកម្មភាពមត្តេយ្យសិក្សា និងមានសកម្មភាពផ្សេងៗមួយចំនួនទៀត។

 

លោក ទួន មិថុនា ប្រធានការិយាល័យអធិការកិច្ចនៃមន្ទីរអប់រំ យុជន និងកីឡា      ខេត្ដសៀមរាបបានមានប្រសាសន៍ថា “ក្នុងនាមតំណាងឱ្យមន្ទីរអប់រំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គម្រោងកុមារកម្ពុជារីករាយ ដែលបានប្រតិបត្ដិការងារគម្រោងនៅក្នុងខេត្ដសៀមរាបកន្លងមក ខ្ញុំសង្កេតឃើញថាការអនុវត្ដគម្រោងនៅក្នុងសាលាគោលដៅពិតជាបានជួយអភិវឌ្ឍន៍សាលារៀនឱ្យមានភាពល្អប្រសើជាងមុន ជាពិសេសលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលារៀន និងបណ្ណាល័យបែបសតវត្សទី២១ ដែលបានផ្ដល់នូវផាសុកភាពដល់លោកគ្រូអ្នកគ្រូ​ និងសិស្សនុសិស្សក្នុងការសិក្សាស្រាវជ្រាវឯកសារផ្សេងៗ ហើយ សាលារៀនទៀតសោត ក៏មានលក្ខណៈគម្រូមួយដ៏ល្អក្នុងស្រុក ដើម្បីឱ្យសាលាដទៃទៀតយកជាគម្រូ។  បន្ថែមពីនេះ ប្រសិនបើគម្រោងមានលទ្ធភាព ខ្ញុំសូមសំណូមពរឱ្យគម្រោងពង្រីកសាលារៀនគោលដៅបន្ថែមដល់ស្រុកទាំងអស់ក្នុងខេត្តសៀមរាប ដើម្បីបង្កើតគម្រូសាលារៀនល្អនៅក្នុងស្រុកនីមួយៗ”​។

 

លោក តាត់ មាន អភិបាលរងនៃគណៈអភិបាលស្រុកក្រឡាញ់បានមានប្រសាសន៍ថា “ខ្ញុំពិតជាកោតសរសើរដល់គម្រោងដែលបានគាំទ្រ និងអភិវឌ្ឍន៍សាលារៀនគោលដៅក្នុងស្រុករបស់ខ្ញុំឱ្យមានភាពរីកចម្រើន និងមានលក្ខណៈល្អប្រសើរឡើង ហើយខ្ញុំរីករាយក្នុងការបន្ដសហការ ជំរុញឱ្យសាលារៀនគោលដៅមានវិវឌ្ឍន៍ទៅមុខទៀត” ។

 

ក្នុងឱកាសនេះផងដែរ លោក ប៉ុក ទ្រី នាយករងប្រតិបត្ដិអង្គការកុមារកម្ពុជារីករាយ តំណាងឱ្យម្ចាស់ជំនួយមានប្រសាសន៍ថា “សាលារៀនមានការអភិវឌ្ឍទៅមុខ ដោយសារតែមានការចូលរួមយ៉ាងសកម្មពីនាយក នាយិកា និងតំណាងគណៈកម្មការគ្រប់គ្រងសាលារៀន ដែលតែងតែសហការចូលរួមក្នុងការអនុវត្ដកម្មវិធីជាមួយគម្រោងកន្លងមក ដូច្នេះធ្វើឱ្យសាលារៀនមានការផ្លាស់ប្តូរមុខមាត់ថ្មី ក្លាយជាសាលារៀនគំរូមួយនៅក្នុងសហគមន៍”។

 

លោក អោ កឿត នាយកសាលាបឋមសិក្សាសំបួរ ស្ថិតក្នុងស្រុកក្រឡាញ់                 ខេត្ដសៀមរាប បានលើកឡើងថា “រយៈពេល ៥ឆ្នាំនៃការអនុវត្ដគម្រោង ខ្ញុំកត់សម្គាល់ឃើញថា គម្រោងបានជួយអភិវឌ្ឍន៍សាលាបានច្រើនទាំងការពង្រឹងគុណភាពគ្រូបង្រៀន ពង្រឹងសមត្ថភាពការគ្រប់គ្រងដល់នាយក និងគណៈកម្មការគ្រប់គ្រងសាលារៀន ផ្ដល់សៀវភៅរឿង ការកែលម្អអគាសិក្សា បណ្ណាល័យ និងមានសមិទ្ធផលជាច្រើនទៀត។ កត្ដាទាំងនេះវាបានកើតចេញពីខិតខំប្រឹងប្រែងពីគ្រប់អ្នកពាក់ព័ន្ធ និងធ្វើឱ្យសហគមន៍ និងអាណាព្យាបាលសិស្សមានការចូលរួមច្រើនជាងមុន និងមានទំនុកចិត្ដក្នុងការបញ្ជូនកូនមកសាលារៀន ជាក់ស្ដែងមកដល់ពេលបច្ចុប្បន្ននេះ សិស្សមានកំណើនពី ៦ថ្នាក់ រហូត​ ៨ថ្នាក់ ហើយវាអាចនឹងកើនសម្រាប់ឆ្នាំបន្ដបន្ទាប់”។

 

ទន្ទឹមនឹងការផ្លាស់ប្តូររីកចម្រើន គម្រោងក៏មានបញ្ហាប្រឈមក្នុងការអនុវត្តសកម្មភាពក្នុងសាលារៀនគោលដៅដូចជា បរិស្ថានសាលានៅមានសម្រាម កន្លែងលាងដៃសម្អាតមិនទាន់បានស្អាត  ក្រុមប្រឹក្សាកុមារ និងទីប្រឹក្សាកុមារីមិនដំណើរការ សកម្មភាពសិស្សធំជួយសិស្សតូចមិនសូវដំណើរការ សាលារៀនមិនបានអនុវត្តបំណិនជីវិត ការរៀបចំរដ្ឋបាលបណ្ណាល័យ និងទីចាត់ការមិនទាន់បានត្រឹមត្រូវ និងការគាំទ្រប្រាក់ឧបត្ថម្ភពីឃុំមិនទៀងទាត់ និងមិនគ្រប់ចំនួន ព្រមទាំងសហគមន៍មិនសូវចូលរួមក្នុងសកម្មភាពប្រជុំការអភិវឌ្ឍសាលា។

 

គម្រោងក៏មានការសំណូមពរដល់នាយក គណៈគ្រប់គ្រងសាលារៀន និងអ្នកពាក់ព័ន្ធទាំងអស់ សូមចូលរួមសម្អាត និងថែទាំធនធានដែលមានស្រាប់ឱ្យបានល្អ ពង្រឹងវិន័យ និងធ្វើការប្រកបដោយមនសិការ បង្ហាញតម្លាភាព និងភាពស្មោះត្រង់ ព្រមទាំងបន្តកិច្ចសហការល្អជាមួយគ្នា ដើម្បីធ្វើឱ្យការអប់រំឱ្យកាន់តែប្រសើរឡើង។

 

វគ្គសិក្ខាសាលានេះ រៀបចំឡើងចាប់ពីថ្ងៃទី0៧ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ដែលធ្វើឡើងតាមទីតាំងផ្សេងៗគ្នាតាមតំណាងខេត្តនីមួយៗ។ គម្រោងកុមារកម្ពុជារីករាយ ប្រតិបត្តិដោយអង្គការ ខេប ទទួលហិរញ្ញប្បទានពីមូលនិធិគីនឆាន់ ដែលផ្តោតទៅលើអភិវឌ្ឍគំរូកម្មវិធីសាលាកុមារមេត្រីដែលមាន៦សមាសភាគ និងរួមបញ្ចូលទាំង គុណភាពអប់រំ ការអប់រំបញ្ចូលគ្នានិងមានការចូលរួមពីអ្នកពាក់ព័ន្ធសាលារៀន ក្នុងគោលបំណងដើម្បីធានាឱ្យមានការផ្លាស់ប្តូរយ៉ាងល្អនូវការសិក្សាពីកម្រិតសាលាមត្តេយ្យសិក្សាឆ្លងទៅសាលាបឋមសិក្សា៕

117

Preschool(s)

178

Primary Schools

207

High Schools

2

Higher Education Institutions

163,072

Students

4,487

Teachers/Directors

5,362

Stakeholders